+++++++++++++++++++++ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព" ប្រចាំនព្វមាស និងទិសដៅបន្តអនុវត្តការងារសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ ក្រោមអធិបតី ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឯម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមផងដែរ ពីរអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប។ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានកោតសរសើរ ដល់អាជ្ញាធរ មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ចំពោះពលករដែលបានត្រឡប់មកពីប្រទេសថៃ ដោយបានខិតខំជួយរកការងារ ព្រមទាំងបានផ្តល់ជូនឯកសារនានាជូនពួកគាត់ដូចជា សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណគ្រួសារជាដើម ដោយឡែកចំពោះពលករមួយចំនួនតូច ដែលមិនទាន់មានឯកសារ និងមិនទាន់មានការងារធ្វើ ឯកឧត្តមកអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តខិតខំជួយសម្រួលដល់ពួកគាត់ឱ្យបានឆាប់រហ័ស ពោលគឺភារកិច្ចរបស់យើងគឺចប់ នៅពេលយើងបានផ្តល់ឯកសារ និងជួយរកការងារជូនពួកគាត់បានគ្រប់ៗគ្នា។ឯកឧត្តមអភិបាលខេត្ត បានស្នើដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ត្រូវផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកុមារ មនុស្សចាស់ កុំឱ្យកើតមានករណីលង់ទឹក ត្រូវរស់នៅប្រកបដោយអនាម័យហូបស្អាត ផឹកស្អាត។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹកទៅដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តខិតខំរៀបចំសន្ថិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថានឱ្យបានល្អប្រសើរបំផុតទាំងមុន និងក្រោយពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ ជូនថ្នាក់ដឹកនាំនាថ្ងៃទី២០ ខែតុលា ខាងមុខនេះ។ កម្លាំងសមត្ថកិច្ចត្រូវទប់ស្កាត់សត្វពាហនៈកុំឱ្យឆ្លងកាត់ ជៀសវាងបង្កការរំខាន ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសត្រូវអប់រំណែនាំដល់ អ្នករកស៊ីដឹកភ្ញៀវទេសចរណ៍គ្រប់ប្រភេទឱ្យមានសុជីវធម៌ខ្ពស់ សូមកុំបង្កបញ្ហាការលំបាក និងបង្កការរំខាននានាដល់ភ្ញៀវទេសចរណ៍។ នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តទប់ស្កាត់ និងលុបបំបាត់បញ្ហាក្មេងទំនើង និងអំពើហិង្សាក្នុងគ្រួសារ ត្រូវបន្តខិតខំចលនាប្រឡងប្រណាំភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យទទួលបានលទ្ធផលល្អប្រសើរ ដោយត្រូវបន្តខិតខំបង្ក្រាបបទល្មើសនានាក្នុងមូលដ្ឋាន ខិតខំបំពេញឱ្យបានគ្រប់សូរចនាកររបស់គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាងនេះទៅទៀតត្រូវខិតខំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានអំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីបំផុសពួកគាតឱ្យមានការយល់ដឹង ហើយចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការធ្វើឱ្យភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរស់នៅប្រកបដោយភាពសុខសាន្ត។មានប្រសាសន៍សំណេះសំណាលក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តដែលបានខិតខំ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេសការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងនាឆ្នាំបន្តបន្ទាប់ទៀត។ឯកឧត្តមរដ្ឋលេខាធិការ ថែមទាំងបានជំរុញដល់រដ្ឋបាលខេត្តត្រូវបន្តពង្រឹងការងារគណៈបញ្ជាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់បាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។








