++++++++++ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត និងជាហិរញ្ញិកគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ខេត្តផ្ដល់ជូនប្រជាពលរដ្ឋចំនួន១៨១គ្រួសារ ស្ថិតក្នុងភូមិកោះប្រាក់ និងភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ដែលពិធីនេះប្រារព្វធ្វើនៅទីទួលសុវត្ថិភាពក្នុងបរិវេណវត្តកោះប្រាក់ ក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ ដោយក្ដីនឹករលឹក និងអាណិតអាសូរជាពន់ពេក។លោកជំទាវបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះមេត្តាប្រុងប្រយ័ត្ន ចំពោះសត្វអសិរពិស និងត្រូវថែរក្សាការពារចំពោះកុមារតូចៗ និងចាស់ជរា ដោយត្រូវរកទីទួលសុវត្ថិភាពជូនពួកគាត់ ចៀសវាងខ្លាចជួបនូវគ្រោះលង់ទឹកជាយថាហេតុ។ ម៉្យាងទៀតបងប្អូនត្រូវអនុវត្តនូវអនាម័យស្អាតបីប្រការគឺៈ (ការហូបស្អាត ការផឹកស្អាត និងការរស់នៅស្អាត) ប្រសិនបើបងប្អូនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នោះបញ្ហាសុខភាពរបស់ក្រុមគ្រួសារប្រាកដនឹងមានសុវត្ថិភាពក្នុងការរស់នៅជាក់ជាពុំខាន។ លោកជំទាវបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចកាលសម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ជាមួយគ្នានេះផងដែរ សម្តេចតែងបានណែនាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ចុះពិនិត្យផ្ទាល់អំពីជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទៅនៅគ្រប់មូលដ្ឋាន ដោយគ្មានការរើសអើង ប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ អំណោយមនុស្សធម៌បានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកស៊ីអុីវ ១យួរ ទឹកត្រី ១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល និងបានប្រគេនជូនវត្តកោះប្រាក់ ទឹកផ្លែឈើ ២កេស ទឹកសុទ្ធ ២កេស និងបច្ច័យ ២០០,០០០រៀល។








