+++++++++++ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៣ភូមិ គឺភូមិកំពង់ចំលង ភូមិត្បូងដំរី និងភូមិព្រែកដំបង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាលថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ ព្រោះដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅបរិវេនវត្តត្បូងដំរី ដែលមានក្បាលដី ស្មើនឹង(៤,១៣៣ក្បាលដី) ។ ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថា៖ ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ក្រោយការបិទផ្សាយនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវរួសរាន់ទៅពិនិត្យមើលឱ្យបានគ្រប់ៗគ្នា ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាល ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៥ ។ ឯកឧត្តមបានបន្តទៀតថា៖ អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។ ជាមួយគ្នានោះឯកឧត្តមក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាននឹងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តមបានធ្វើការក្រើនរម្លឹកដល់មន្ត្រីជំនាញ អាជ្ញាធរគ្រប់ជាន់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ចូលរួមសហការឱ្យបានល្អថែមទៀត ដើម្បីជំរុញឱ្យការអនុវត្តនី តិវិធីនៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ។ ក្នុងឱកាសនោះលោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានបញ្ជាក់ថា៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ០៣ភូមិ គឺជាលើកទី២៣ សម្រាប់ស្រុកខ្សាច់កណ្តាល ហើយក្នុងរយៈពេលនេះ បងប្អូនប្រជាពលរដ្ឋអាចធ្វើការផ្ទៀងផ្ទាត់ ស្នើសុំកែតម្រូវ ឬតវ៉ាចំពោះចំណុចណាមួយដែលមិនត្រឹមត្រូវបានជាមួយមន្ត្រីសុរិយោដីដែលនៅប្រចាំការនៅទីនេះរយៈពេល១៥ថ្ងៃ៕









