ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ ស្តីពីការកំណត់ទីតាំងជាក់លាក់សម្រាប់ដំឡើងស្ថានីយតាមដានគុណភាពទឹក សាធារណៈស្វ័យប្រវត្ត្តិដោយបានការអញ្ជើញចូលរួមពីមន្ទីរបរិស្ថាន អាជ្ញាធរស្រុកស្អាង អាជ្ញាធរស្រុកកោះធំ និងអាជ្ញាធរក្រុងសំពៅពូនផងដែរ។ឯកឧត្តមបានបញ្ជាក់ថា៖ ទន្ទឹមនឹងការទទួលបាននូវកំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់សុខភាព សាធារណៈ ដែលអាចកើតចេញពីសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។ជាក់ស្តែង នៅក្នុងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨ បានចាត់ទុកការកែទម្រង់ការគ្រប់គ្រង បរិស្ថាននិងធនធានធម្មជាតិ ជាការងារអាទិភាព ក្នុងនោះ ការងារតាមដាន ត្រួតពិនិត្យការបំពុលទឹក និង ការទប់ស្កាត់ការសាយភាយសារធាតុពុលចូលក្នុងបរិស្ថាន ក៏ត្រូវបានដាក់បញ្ចូលជាផែនការសកម្មភាពនៃ កម្មវិធីនយោបាយ សំដៅធានាបាននូវការគាំទ្រដល់ការអភិវឌ្ឍ និងការប្រើប្រាស់ប្រកបដោយចីរភាពការការពារសុខភាពសាធារណៈ និងជីវៈចម្រុះ។ឯកឧត្តមអភិបាលរងខេត្ត បានណែនាំឲ្យអាជ្ញាធរក្រុង-ស្រុកនីមួយៗ ត្រូវកំណត់និងសិក្សាទីតាំងឲ្យបានច្បាស់លាស់តាមភូមិសាស្ត្ររបស់ខ្លួន ដើម្បីក្រុមការងារខេត្ត និងមន្ទីរបរិស្ថានចុះទៅសិក្សាលក្ខណៈបច្ចេកទេស ដល់ទីតាំងជាក់ស្ដែងថាតើត្រូវដាក់នៅចំណុចណាមួយ ក្នុងចំណោមស្រុកនិងក្រុងទាំងបីបានឯកភាពគ្នានិងតាមលក្ខណៈបច្ចេកទេស របស់ក្រសួងដែលបានឯកភាពផងដែរ។







