រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ដើម្បីផ្តល់សេវារដ្ឋបាលកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ រដ្ឋបាលខេត្តកណ្តាល បានរៀបចំបោះឆ្នោតជ្រើសរើសអនុប្រធានការិយាល័យប្រជាពលរដ្ឋ ក្នុងជំនឿទុកចិត្តពីប្រជាពលរដ្ឋនៅមូលដ្ឋាន និងសម្រុះសម្រួលដោះស្រាយបណ្ដឹងផ្សេងៗ

++++++++ខេត្តកណ្តាល៖ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋមកទំនាក់ទំនងការងាររដ្ឋបាលផ្សេងៗនៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំបោះឆ្នោត ជ្រើសរើសអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានមានប្រសាសន៍ថា៖ដោយអនុវត្តតាមសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ កិច្ចប្រជុំនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាលចំនួន ១រូប ជំនួសលោក មាស ប៊ុនថុល ដែលនឹងត្រូវចប់អាណត្តិការងារដែលមានរយៈពេល ៥ឆ្នាំ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានបន្ថែមថា៖ យោងតាមរបាយការណ៍ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ របស់លោកប្រធានការិយាល័យ លេខាធិការក្រុមប្រឹក្សា ក្រោយពីគណៈកម្មាធិការបោះឆ្នោតបានប្រកាសផ្សព្វផ្សាយ និងទទួលពាក្យស្នើសុំឈ្មោះជាបេក្ខជនសម្រាប់មុខតំណែង អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ចាប់តាំងពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ត្រឹមវេលាម៉ោង ៥:០០នាទីរសៀល ការិយាល័យលេខាធិការក្រុមប្រឹក្សា បានទទួលពាក្យស្នើសុំឈរឈ្មោះ បេក្ខជនចំនួន ៣រូប (ស្រី ១រូប)។ បន្ទាប់ពីថ្ងៃឈប់ទទួលពាក្យ ប្រធានគណៈកម្មាធិការបោះឆ្នោត ដាក់ចេញនូវសេចក្តីសម្រេចស្តីពីបង្កើតក្រុមការងារទទួលបន្ទុកពិនិត្យ និងសម្រាំងបេក្ខជន និង បានរៀបចំកិច្ចប្រជុំក្រុមការងារទទួលបន្ទុកពិនិត្យ និងសម្រាំងបេក្ខជនក្នុងនោះបេក្ខជនឈរឈ្មោះជាអនុប្រធាន មានចំនួន៣រូប រួមមាន៖លោក បូ សាវឿន លោក យឹម ហាក់លោកស្រី ង៉ូវ មួយគា ក្រោយការបោះឆ្នោត លោក បូ សាវឿន បានជាប់ឆ្នោតជាអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល ។ក្រោយការបោះឆ្នោត និងប្រកាសលទ្ធផល ឯកឧត្តម នូ សាខន បានណែនាំ ឱ្យក្រុមលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្តកណ្តាល ធ្វើលិខិតស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យមានការប្រកាសជាផ្លូវការទៅតាមនីតិវិធីនៃច្បាប់។​ ឯកឧត្តមបានបញ្ជាក់ថា៖ ផ្អែកតាមគោលការណ៍ដែលបានកំណត់ក្នុងចំណុច ២.៤ (ខ.២.១) នៃសេចក្តីណែនាំ លេខ ០២៤ សណន ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ គឺបេក្ខជនដែល បានទទួលសំឡេងគាំទ្រលើសពីពាក់កណ្តាលនៃសមាជិកគណៈកម្មាធិការបោះឆ្នោតទាំងមូល ត្រូវបានជ្រើសរើសជា អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត។ ជាក់ស្តែង ផ្អែកតាមលទ្ធផលនៃការបោះឆ្នោត លោក បូ សាវឿន ទទួលបានសំឡេង ២៩ លើ៤២ (លើសពីពាក់កណ្តាល នៃសមាជិកគណៈកម្មាធិការបោះឆ្នោតទាំងមូល) ត្រូវបាន ជ្រើសរើសជា អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល៕

អត្ថបទទាក់ទង