គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល សូមជូនដំណឹងដល់បេក្ខជនដែលបានដាក់ពាក្យស្នើសុំសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត អាចធ្វើការតវ៉ាជាលាយលក្ខណ៍អក្សរដោយមានកម្មវត្ថុ និងមូលហេតុច្បាស់លាស់ទៅលើលទ្ធផលនៃការសម្រាំងនេះ ក្នុងរយៈពេលយ៉ាងតិច ៧ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃបិទផ្សាយ។ការដាក់ចេញនូវលទ្ធផលនៃការសម្រាំងនេះ គឺដោយទទួលបានការឯកភាពគ្នាក្នុងក្រុមការងារ ក្នុងកិច្ចប្រជុំក្រុមការងារទទួលបន្ទុកពិនិត្យ និងសម្រាំងបេក្ខជន កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការបោះឆ្នោត និងដោយមានការអញ្ជើញចូលរួមពីក្រុមការងារចំនួន ៤រូបរួមមាន៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត, លោក សំអឿន វ៉ាបូរិន្ទ លេខាធិការសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង,លោកស្រី យិន សំអាត តំណាងអង្គការកុមារកំព្រាមេគង្គ និងលោក នួន ភារៈ លេខាធិការនៃក្រុមការងារ។ ក្រុមការងារ បានធ្វើការផ្ទៀងផ្ទាត់រវាងព័ត៌មាននានាដែលមាននៅក្នុងពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប និងឯកសារពាក់ព័ន្ធរបស់បេក្ខជន ជាមួយនឹងលក្ខខណ្ឌ និងលក្ខណសម្បត្តិនៃបេក្ខជន ស្របតាម អនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។








