រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គួច ចំរើន ចាត់ទុកថា ការទុកដីទំនេរ ក៏អត់ប្រយោជន៍ មនុស្សនៅទំនេរ ក៏អត់បានផល មានដីនាំគ្នាដាំដើមឈើ គឺមានផលប្រយោជន៍ទាំង មនុស្ស សត្វ និងធម្មជាតិ

++++++++++ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលឯកឧត្តម រួមជាមួយ និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានអញ្ជើញជាគណៈអធិបតី ក្នុងពិធី “រុក្ខទិវា” ដាំដើមឈើថ្នាក់ខេត្ត ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តអង្គពណ្ណារាយ ភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ ការទុក្ខដីទំនេរចោល នោះធ្វើឱ្យយើងបាត់បង់នូវផលប្រយោជន៍ជាច្រើន ក្នុងន័យនេះយើងទាំងអស់គ្នាដែលមានដីត្រូវដាំដើមឈើឱ្យបានគ្រប់ៗគ្នា មិនថាបានឈើហូបផ្លែឬលំអរ ដែលឈើទាំងនោះបានផ្ដល់ផលប្រយោជន៍ជាច្រើនទៅដល់ មនុស្ស សត្វ និងធម្មជាតិនៅជុំវិញខ្លួនរបស់យើង។ក្នុងពិធីនោះដែរ ឯកឧត្តមអភិបាលខេត្ត បានគាំទ្រលើកទឹកចិត្តដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ត្រូវខិតខំបន្តការស្រាវជ្រាវបណ្តុះនូវពូជឈើថ្មីៗបន្ថែមទៀត ពិសេសប្រភេទឈើហូបផ្លែ ដែលមានគុណភាព មានរសជាតិ ធន់ទៅនឹងអាកាសធាតុ និងមានស្តង់ដា ដើម្បីផ្តល់អត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអាចប្រកួតប្រជែងក្នុងទីផ្សារទទួលបានចំណូលខ្ពស់។ ជាងនេះទៅទៀតត្រូវមានការបើកទូលាយជូនប្រជាពលរដ្ឋដែលមានបំណងរៀនសូត្រពីពីការបណ្តុះកូនឈើ អាចមករៀនសូត្រអភិវឌ្ឍន៍ចំណេះដឹងបច្ចេកទេសដាំដើមឈើជូនពួកគាត់ សំដៅបង្កើនការដាំដុះ ជួយដល់បរិស្ថាន និងសុខភាពរបស់យើងទាំងអស់គ្នា។ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋសូមជួយថែរក្សាការពារដើមឈើដែលយើងបានដាំ និងជួយទប់ស្កាត់អំពីការបំផ្លាញនានារបស់មនុស្ស ទាំងដើមឈើដែលនៅក្នុងស្រុក និងដើមឈើដែលមាននៅក្នុងព្រៃឲ្យបានគង់វង្ស ជាពិសេសនោះគឺគ្រប់គ្រឹះស្ថានសាធារណៈរដ្ឋ និងឯកជន រួមមានសាលារៀន វត្តអារាម មន្ទីរពេទ្យ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ខិតខំប្រើប្រាស់ដីធ្លីឱ្យទៅជាទីបៃតង តាមរយៈការខិតខំដាំដើមឈើទាំងប្រភេទឈើព្រៃ និងឈើហូបផ្លែ ដើម្បីបរិស្ថាន សុខភាព និងបង្កើនការដាំ។ក្នុងពិធីនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអ្នកពាក់ព័ន្ធនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ដែលក្នុងនោះ មានខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល ជាសេនាធិការ ដែលបានខិតខំបណ្តុះបានកូនឈើទាលប្រមាណ១០ម៉ឺនដើម តាមផែនការណែនាំដែលបានដាក់ចេញកាលពីឆ្នាំ២០២៤។ ឯកឧត្តមក៏បានថ្លែងការកោតសរសើរផងដែរ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ពិសេសប្រជាពលរដ្ឋក្នុងស្រុកលើកដែក ដែលបាននាំគ្នាដាំកូនឈើ ផ្កា នៅមុខផ្ទះរបស់ខ្លួន ដែលបានជួយដល់បរិស្ថាន និងថែមទាំងបង្កើនសោភ័ណភាពក្នុងមូលដ្ឋានខ្លួន។លោក អំ ចាន់បូរិត នាយខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល បានឱ្យដឹងថា ក្នុងពិធីនេះបានត្រៀមកូនឈើចំនួន ៥០០០ដើម សម្រាប់ផ្ដល់ជូនរដ្ឋបាលក្រុង ស្រុក ឃុំ និងប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមដើម្បីយកទៅដាំនៅតាមទីសាធារណៈ និងនៅតាមភូមិឋាន។ក្នុងឆ្នាំ២០២៥នេះដែរ ខណ្ឌរដ្ឋបាលព្រៃឈើបានធ្វើការបណ្ដុះកូនឈើបានចំនួន ១៦០ ៤៦៥ដើម (ក្នុងនោះកូនឈើទាលចំនួន ១០ម៉ឺនដើម ឧបត្តមគាំទ្រដោយឯកឧត្តមអភិបាលខេត្ត) និងបានធ្វើការផ្ដល់ជូនមន្ទីរ អង្គភាពនានា ក្រុង ស្រុក ឃុំ សង្កាត់យកទៅដាំតាមទីសាធារណៈក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋសរុបចំនួន ៣៦៤៧១ដើម។

អត្ថបទទាក់ទង