--------------------------------------------ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ស្អាង បានរៀបចំពិធីអបអរសាទរសមិទ្ធផលដៃគូសហគមន៍ និងការបិទបញ្ចប់កម្មវិធីរបស់អង្គការទស្សនៈពិភពលោក អន្តរជាតិកម្ពុជា ប្រចាំស្រុកស្អាង រយៈពេល១៨ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៧មកដល់ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល និងលោក ជេនេស អ៊ីម៉ានូអែល ហ្គីនធីង (Janes Imanuel Genting) នាយកប្រតិបត្តិប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា។ មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានថ្លែងកើតសរសើរ និងអរគុណដល់អង្គការទស្សនៈពិភពលោក អន្តរជាតិកម្ពុជា ប្រចាំស្រុកស្អាង ដែលបានបំពេញបេសកកម្មរបស់ខ្លួន រយៈពេល១៨ឆ្នាំ កន្លងមកប្រកបដោយជោគជ័យ និងទទួលបានសមិទ្ធផលជាទីគាប់ចិត្តជាច្រើន។ ឯកឧត្តមអភិបាលរងខេត្ត បន្តថា៖ កម្មវិធីតំបន់ស្រុកស្អាង មានគោលដៅចង់ឱ្យកុមារ និងយុវជនទាំងអស់ក្នុងតំបន់គោលដៅទទួលបាននូវសុខភាពល្អ ទទួលបាននូវការអប់រំដែលមានគុណភាព និងបំណិនជីវិត ដើម្បីក្លាយជាពលរដ្ឋល្អ និងជាអ្នកដឹកនាំដែលមានសមត្ថភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចិរភាព។ ដើម្បីសម្រេចគោលដៅនេះកម្មវិធីតំបន់ស្រុកស្អាង បានធ្វើការយ៉ាងសកម្មក្នុងភាពជាដៃគូជាមួយរដ្ឋបាលថ្នាក់ ក្រោមជាតិ និងសហគមន៍ ដូចជាមន្ទីរសុខាភិបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរអប់រំយុវជននិងកីឡាខេត្ត មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់។ ឯកឧត្តមអភិបាលរងខេត្តកណ្ដាល ក៏បានផ្ដាំផ្ញើដល់រដ្ឋបាលស្រុកស្អាង បន្តដឹកនាំ ជ្រោមជ្រែង និងជួយគាំទ្រយកចិត្តទុកដាក់បន្ថែម ក្លាយជាក្រុមការងារស្នូលដែលបន្ត សម្របសម្រួលការឆ្លើយតប លើចំណុចខ្វះខាត ការបំពេញសមត្ថភាព គណកម្មការក្រុមសហគមន៍ និងការប្រឹក្សាយោបល់ផ្សេងៗដើម្បីអោយក្រុមទាំងនោះ នៅតែបន្តធ្វើការរួមគ្នា ក្នុងសហគមន៍ ពង្រីកសក្តានុពលរបស់គេ ដើម្បីឆ្លើយតបភាព ងាយរងគ្រោះរបស់កុមារនៅក្នុងសហគមន៍អោយមាននិរន្តភាព។ លោក ជេនេស អ៊ីម៉ានូអែល ហ្គីនធីង (Janes Imanuel Genting) នាយកប្រតិបត្តិប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា បានឱ្យដឹងថា មូលហេតុដែលអង្គការបញ្ចប់គម្រោង គឺមានហេតុផលចំបងមួយចំនួន គឺជាអាណត្តិរបស់កម្មវិធីដែលបានកំណត់ទុក (១៥ឆ្នាំ)។ ជាការសន្យាជាមួយអ្នកទំនុកបំរុង ដើម្បីអោយកុមារ គ្រួសារ និងសហគមន៍របស់ពួកគាត់ទទួលបានការអភិវឌ្ឍន និងផ្លាស់ប្រែឥរិយាបថ ជាវិជ្ជមាននៅក្នុងគ្រួសារ។ បញ្ហាប្រឈមចំបងរបស់សហគមន៍ត្រូវបានដោះស្រាយ ប្រកបដោយបរិយាបន្ន ដៃគូដែលនៅសហគមន៍មានភាពរឹងមាំ និងមានភាពម្ចាស់ការ និងផ្តល់លទ្ធភាពដល់តំបន់ដទៃទៀតនៅប្រទេសកម្ពុជាបានទទួលឱកាសក្នុងការអភិវឌ្ឍន៍ផងដែរ។











