++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៥នេះបានទទួលហិបវិញ្ញាសា និងបានដឹកនាំក្នុងកិច្ចប្រជុំ ដើម្បីតម្រង់ទិសដល់អនុគណៈកម្មការ និងក្រុមការងាររៀបចំការប្រឡងជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥។ថ្លែងក្នុងកិច្ចប្រជុំ នុត ពុធដារ៉ា បានមានប្រសាសន៍ថា កិច្ចប្រជុំនៅទីនេះគឺដើម្បីរួមគ្នាពិភាក្សា និងផ្តល់ជាមតិយោបល់ទៅលើបទពិសោធនៃការអនុវត្តកន្លងមក ទៅលើការងាររៀបចំការប្រឡង សំដៅធានាបានការរៀបចំនិងការអនុវត្តកិច្ចការប្រឡងនាពេលខាងមុខប្រកបដោយប្រសិទ្ធភាព អាចជ្រើសរើសបានបេក្ខជនដែលមានសមត្ថភាពពិតប្រាកដចូលបម្រើការងារ។ ជាមួយគ្នានេះឯកឧត្តមអភិបាលរងខេត្ត បានផ្តល់អនុសាសន៍ណែនាំតម្រង់ទិសដល់អនុគណៈកម្មការនានាត្រូវតែត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ការប្រឡងជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ សីហាស្អែកនេះ ឱ្យទទួលបានជោគជ័យតាមផែនការគ្រោងទុក។ឯកឧត្តមអភិបាលរងខេត្ត បានក្រើនរំលឹកទៅដល់អនុរក្ស ត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍ និងបទបញ្ជាផ្សេងៗរបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញ ក្នុងពេលប្រឡងមិនត្រូវអនុញ្ញាតឱ្យបេក្ខជនណាមួយប្រើទូរសព្ទស្មាតហ្វូន ឬឧបករណ៍អេឡិចត្រូនិចណាមួយ និងសំដៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡងឡើយ ត្រូវធ្វើការឆែកឆេឱ្យបានម៉ត់ចត់ ត្រូវធានាថាក្នុងពេលប្រឡងនេះបេក្ខជនទាំងអស់ត្រូវតែគោរពទៅតាមបទបញ្ជាផ្ទៃក្នុងដែលបានដាក់ចេញ។ ជាពិសេសកងកម្លាំងមានសមត្ថកិច្ច ត្រូវខិតខំរក្សាសុន្តិសុខសណ្ដាប់ធ្នាប់ក្នុងពេលប្រឡងនៅថ្ងៃស្អែកនេះ ឱ្យបានល្អប្រសើរ ជាពិសេសត្រូវមានក្រុមគ្រូពេទ្យនៅប្រចាំការ ក្នុងពេលប្រឡងនេះផងដែរ ដើម្បីត្រៀមជួយសង្គ្រោះដល់បេក្ខជន បេក្ខនារី ក្នុងករណីជាយថាហេតុណាមួយ។បន្ទាប់ពីបានស្តាប់ មតិយោបល់និងសំណូមពរនានាជុំវិញដំណើរការរៀបចំការប្រឡង របស់ក្រុមការងារជំនាញរួចមក អង្គប្រជុំ ក៏បានចុះទៅពិនិត្យដល់ទីតាំងដែលត្រូវប្រឡងផងដែរ។សូមជម្រាបផងដែរថា ខេត្តកណ្ដាល ត្រូវបានជ្រើសរើសធ្វើជាមណ្ឌលប្រឡងសម្រាប់បេក្ខជន ដែលបានដាក់ពាក្យប្រឡងប្រជែង ជ្រើសរើស ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ ដែលមានបេក្ខជនសរុប ចំនួន ៥២៩នាក់ សម័យប្រឡងនាថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ មណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន តាខ្មៅ មាន២២ បន្ទប់។ បេក្ខជនដែលត្រូវប្រឡងប្រជែងនៅមណ្ឌលខេត្តកណ្តាល ចំនួន ៥២៩ នាក់ ក្នុងនោះ៖ បេក្ខជនពាក្យនៅខេត្តកណ្តាល ២០៩ នាក់ បេក្ខជនដាក់ពាក្យនៅខេត្តព្រៃវែង ១៣៥ នាក់ បេក្ខជនដាក់ពាក្យនៅខេត្តស្វាយរៀង ១៨៥ នាក់។ ចំពោះវិញ្ញាសាប្រឡង គឺចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ (រយៈពេល ២ម៉ោង)។









