រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ចំនួន ១គ្រួសារ និងគ្រួសារសពស្រ្តី ១នាក់ ដែលបានស្លាប់ក្នុងករណីកើតជំងឺគ្រុនឈាមក្រោយពេលសម្រាលកូនរួច នៅស្រុកពញាឮ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

+++++++ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត និងជាហេរញ្ញិកគណៈកម្មាធិការសាខា ដឹកនាំក្រុមប្រតិបត្តិសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះអគ្គិភ័យឆេះផ្ទះ ចំនួន ១គ្រួសារ ស្ថិតនៅក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បន្ទាប់មកប្រតិភូសាខា រួមជាមួយក្រុមចលនាស្ត្រីខេត្ត-ស្រុក បានបន្តដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយទៅជួយឧបត្តម្ភជូនគ្រួសារសពស្ត្រី ១នាក់ ដែលស្លាប់ក្នុងករណីកើតជំងឺគ្រុនឈាមក្រោយពេលសម្រាលកូនរួច ស្ថិតនៅក្នុងភូមិទួលអង្គុញ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ មានមតិសំណេះសំណាលនាឱកាសនោះលោកជំទាវ ស្រ៊ុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។ លោកជំទាវបានបញ្ជាក់ថា ទោះបីអំណោយមានលក្ខណៈតិចតួចស្តួចស្តើងពុំអាចឆ្លើយតបទៅនឹងទំហំនៃការរងគ្រោះនេះក៏ពិតមែន ប៉ុន្តែយើងបានចូលរួមចំណែកក្នុងការជួយដោះស្រាយនូវបញ្ហាខ្វះខាតរបស់បងប្អូនបានមួយកម្រិតផងដែរ។ ម៉្យាងវិញទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។អំណោយដែលសាខាបានឧបត្ថម្ភជូនដល់គ្រួសាររងគ្រោះដោយគ្រោះអគ្គិភ័យឆេះផ្ទះ រួមមាន៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,កៅស៊ូតង់ ១ផ្ទាំង ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ទឹកសុទ្ធ ១កេស, ត្រីខ ១យួរ ,ឃីតសម្ភារប្រើប្រាស់ ១កញ្ចប់ ,សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ១,០០០,០០០រៀល។ ដោយឡែក អំណោយដែលយកទៅជួយឧបត្តម្ភជូនគ្រួសារសពស្ត្រី ១នាក់ ដែលស្លាប់ក្នុងករណីកើតជំងឺគ្រុនឈាមក្រោយពេលសម្រាលកូនរួច រួមមាន៖ ថវិកាសរុបចំនួន ៧០ម៉ឺនរៀលក្នុងនេះ ថវិកាសាខា ៥០ម៉ឺនរៀល ,ក្រុមចលនាស្ត្រីខេត្ត ២០ម៉ឺនរៀល ,សម្ភារៈអនុសាខា កក្រក ស្រុកពញាឮ មាន៖ អង្ករ ១០០ គីឡូក្រាម ,មី ២កេស ,ទឹកសុទ្ធ ២កេស ,ទឹកស៊ីអ៊ីវ ២ យួរ ,ទឹកត្រី ២យូរ ,ត្រីខ ២យូរ ,ភេសជ្ជៈ ២យួរ ,មី ២កេស ,ឃីត ១កញ្ចប់៕

អត្ថបទទាក់ទង