+++++++++++++++ខេត្តកណ្ដាល៖រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយការប្រឡងប្រណាំងផ្ទៃក្នុងខេត្ត “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថានខេត្តកណ្តាល ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុងតាខ្មៅ មន្ទីរអង្គភាពពាក់ព័ន្ធ លោក-លោកស្រីចៅ-សង្កាត់ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ នៅសាលប្រជុំ សាលាក្រុងតាខ្មៅ។មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាលបានមានប្រសាសន៍ថា៖ការផ្សព្វផ្សាយការប្រឡងប្រណាំងផ្ទៃក្នុងខេត្ត “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន ខេត្តកណ្តាល ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្តាល បានសហការជាមួយមន្ទីរបរិស្ថានខេត្ត នឹងធ្វើការរៀបចំកម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្ត ស្តីពី “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន ដោយឈរលើមូលដ្ឋាន ដូចក្នុងតារាង វាយតម្លៃ និងដាក់ពិន្ទុផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន០៣ សូចនាករចំនួន១០ និងមធ្យោបាយផ្ទៀងផ្ទាត់ចំនួន ៩១ចំណុច ដោយផ្អែកលើលក្ខណៈសម្បត្តិទី៦ គឺ មានអនាម័យ មាន សោភ័ណភាពល្អ និងបរិស្ថានល្អ ដែលកម្មវិធីនេះបានរៀបចំឡើងក្នុងគោលបំណង ដើម្បីគាំទ្រ និងអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់តម្លៃ និងលើកទឹកចិត្ត ដល់ភូមិ-ឃុំ-សង្កាត់ ដែលអនុវត្តបានល្អនូវលក្ខណៈ សម្បត្តិទី៦ នៃគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។ក្នុងឱកាសនេះដែរឯកឧត្តមអភិបាលរងខេត្ត៖ក៏បានស្នើដល់អាជ្ញាធរ សង្កាត់ ក្រុង និងអ្នកពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើការងារ គ្រប់គ្រង សំរាម និងសំណល់រឹង និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមថែរក្សា និងគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីលើកកម្ពស់សោភ័ណភាព ទីប្រជុំជន និងលំនៅដ្ឋានប្រជា ពលរដ្ឋ។










