រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៩ អាណត្តិទី៤

+++++++ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្តាល ដែលបានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត។ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពខេត្តគ្រប់ថ្នាក់ ដែលខិតខំបង្ក្រាបបទល្មើសនានាបានលទ្ធផលល្អប្រសើរ ។ទន្ទឹមនឹងនោះគណៈអភិបាលខេត្តក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃបានយ៉ាងល្អផងដែរ ។ជាក់ស្ដែងនៅក្នុងពេលថ្មីៗនេះគណៈអភិបាលខេត្តបានខិតខំចុះជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពបានទាន់ពេលវេលា។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានប្រសាសន៏ថា គ្រប់គណៈកម្មការខេត្តក៏បានដោះស្រាយ និងអនុវត្តតួនាទីរបស់ខ្លួនបានយ៉ាងល្អប្រសើរផងដែរ ជាពិសេសគឺបានរៀបចំរួចរាល់នូវកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេល ៥ឆ្នាំ (២០២៥-២០២៩) និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៥-២០២៧) របស់ខេត្តបានទាន់ពេលវេលា ដែលផែនការអភិវឌ្ឍន៍នេះគឺពិតមានសារៈសំខាន់ណាស់ សម្រាបការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងខេត្តកណ្តាលទាំងមូល ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ពាក់ព័ន្ធនឹងការចុះជួយសង្គ្រោះស្រូវប្រាំង របស់ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន អភិបាលខេត្តបានមានប្រសាសន៍ថា ដោយមានការចូលរួមសហការពីក្រសួងពាក់ព័ន្ធ មន្ទីរជំនាញ និងអាជ្ញាធរគ្រប់ថ្នាក់ បានចុះជួយបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយប្រជាកសិករក៏បានស្ដាប់តាមការផ្សព្វផ្សាយរបស់អាជ្ញាធរឲ្យធ្វើការបង្កបង្កើនផលត្រឹមជុំទី១ កុំបន្តទៅដល់ជុំទី២ ទៀតជៀសវាងការខ្វះខាតទឹកក្នុងឆ្នាំនេះ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា នាឆ្នាំក្រោយប្រសិនបើ កសាងស្ថានីយ៍បូមទឹកនៅទន្លេតូចបាន នោះប្រជាកសិករក្នុងតំបន់នោះ នឹងអាចបង្ករបង្កើនផលបាន៣ដងនៅរដូវទឹកសម្រក លើកលែងតែរដូវវស្សាដែលមានការជន់លិច។សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានធ្វើការពិនិត្យ ពិភាក្សា អនុម័ត និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដែលសរុបមានចំនួន ៨របៀបវារៈសំខាន់ៗ។

អត្ថបទទាក់ទង