កិច្ចប្រជុំស្តីពីកិច្ចសហការ ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២++++++++ខេត្តកណ្តាល: ព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកណ្តាលបានរៀបចំកិច្ចប្រជុំស្តីពីកិច្ចសហការ ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២។លោក អៀច សុវណ្ណវាសនា នាយករងរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោក គឹម ហុង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល។ លោក គឹម ហុង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល បានមានប្រសាសន៍ថា៖ គោលបំណងក្នុងកិច្ចប្រជុំនាពេលនេះគឺដេីម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនិងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះជាពិសេសក្នុងរយៈពេលនៃការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត ធ្វើយ៉ាងណាអោយគ្រប់ដំណាក់កាលទាំងនេះបានប្រព្រឹត្តទៅរលូន គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានអំពើហឹង្សា សំដៅធានាអោយបាននូវបរិយាកាសនយោបាយល្អ អព្យាក្រឹត ប្រជាធិបត្តេយ្យ សេរីភាព យុត្តិធម៌ និងតម្លាភាព។ លោកបន្តថា៖ អ្វីដែលយើងទាំងអស់គ្នាត្រូវចាប់អារម្មណ៍នោះគឺ ដំណាក់កាលឃោសនាបោះឆ្នោត និងដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលបោះឆ្នោត ដែលកន្លងមកតែងកើត មានបញ្ហាអវិជ្ជមានខ្លះៗ ជាយថាហេតុ ដោយសារខ្វះការ យោគ យល់គ្នា ការមិនគោរពគោលការណ៍ច្បាប់ និងបទបញ្ជានីតិវិធី របស់ គ.ជ.ប ។ដូច្នេះដើម្បីធានាឱ្យដំណើការនៃដំណាក់កាលទាំងពីរខាងលើប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដោយស្មើភាព គ្មានការគំរាម កំហែងនោះ គ្រប់គណបក្សនយោបាយ មេត្តាគោរពឱ្យបានម៉ត់ចត់នូវច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ជាពិសេសតម្រាយផ្លូវហាមឃាត់ ដែលរដ្ឋបាលខេត្ត សម្រេចមិនអនុញ្ញាត្តឱ្យហែរក្បួនព្យុះហយាត្រាក្នុង ក្រុងតាខ្មៅ គឺផ្លូវជុំវិញផ្សារ ផ្លូវលេខ102 និងផ្លូវលេខ103 ។ក្នុងឱកាសនោះ លោក អៀច សុវណ្ណវាសនា នាយករងរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តបានថ្លែងកោតសរសើរចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តដែលបានរៀបចំកិច្ចប្រជុំនាពេលនេះ។ លោកបានបន្តថា៖ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការពង្រឹងលទ្ធិប្រជាធិតេយ្យនៅកម្ពុជា។ លោកបានបន្ថែមថា៖ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្តល់ព័ត៌មានយល់ដឹងពីផែនការការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនទៅនឹងការឃោសនាបោះឆ្នោតដល់ភាគីពាក់ព័ន្ធធ្វើយ៉ាងណាដើម្បីឱ្យដំណើរឃោសនាបោះឆ្នោត ដែលមានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ និងគ្មានអំពើហិង្សា។ សូមបញ្ជាក់ថា៖ ខេត្តកណ្តាលមានគណបក្សដាក់បេក្ខជនឈរឈ្មោះចំនួន១៣ គណបក្ស។
- 160
- ដោយ អ៊ុន ស្រីកែវ