រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បានរៀបចំប្រារព្ធពិធីបុណ្យវិសាខបូជានៅវត្តវេឡុការាម ហៅវត្តព្រែកឬស្សី

ខេត្តកណ្តាល៖រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២២រដ្ឋបាលខេត្តកណ្តាលបានប្រារព្ធពិធីបុណ្យវិសាខបូជានៅវត្តវេឡុការាម ហៅវត្តព្រែកឬស្សី ស្ថិតក្នុងក្រុងតាខ្មៅ ដោយការចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។ ព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះរាជាគណៈថ្នាក់ទោ ព្រះបាឡាត់គណខេត្ត ព្រះអនុគណក្រុងតាខ្មៅ និងជាព្រះចៅអធិការវត្តវេឡុការាម ហៅវត្តព្រែកឬស្សីបានមានសង្ឃដីកាឱ្យដឹងថា៖ ពិធីបុណ្យវិសាខបូជា ប្រារព្ធធ្វើឡើង គឺដើម្បីគោរព រំឭកនឹកគុណ ដល់សម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម ដែលព្រះអង្គទ្រង់ប្រសូត្រ បានត្រាស់ដឹង និងចូលបរិនិព្វាន នៅចំថ្ងៃខែដូចគ្នាពោលគឺថ្ងៃទ្រង់ប្រសូត្រថ្ងៃទ្រង់ត្រាស់ដឹង និងថ្ងៃទ្រង់ចូលបរិនិព្វាន គឺនៅចំថ្ងៃ ១៥កើត ខែពេបូណ៌មី មានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ពិធីបុណ្យជាតិធំៗ ធ្វើទៅបានដោយសារប្រទេសយើងមានសន្តិភាពបើគ្មានសុខសន្តិភាពទេគឺច្បាស់ជាមិនអាចមានពិធីបុណ្យដ៏ធំសម្បើមបែបនេះ កើតឡើងទៅបានដែរ។ការអភិវឌ្ឍគ្រប់វិស័យមានសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សិទ្ធសេរីភាព ជាដើម ទាំងនេះក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ទើបមានការរីកចំរើនដល់បច្ចុប្បន្ននេះ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទៅ អាចប្រារព្ធពិធីបុណ្យសាសនា នានា ពិសេសពិធីបុណ្យវិសាខបូជាដ៏អធិកអធមនាពេលនេះ។ ឯកឧត្តម អភិបាលខេត្តបានថ្លែងនូវក្តីរីករាយដែលបាន ចូលរួមធ្វើបុណ្យ ដែលជាពិធីបុណ្យសាសនាមួយក្នុងចំណោមបុណ្យសាសនា នានាដែលប្រជាពុទ្ធបរិស័ទដែលកាន់ព្រះពុទ្ធសាសនាទូទាំងព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃ១៥រោច ខែពិសាខ។ ឯកឧត្តម បានបញ្ជាក់ថា៖ ថ្ងៃនេះបងប្អូនពុទ្ធបរិស័ទ បានធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លា រួមគ្នា ដោយសារយើងមានសុខសន្តិភាព ទើបយើងបានធ្វើបុណ្យប្រកបដោយភាពសប្បាយរីករាយ ធ្វើបុណ្យដោយចិត្តជ្រះថ្លា ហើយបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំលឹកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សន្តិភាព ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើន និងអោយប្រជាពលរដ្ឋមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យវិសាខបូជា និង ពិធីបុណ្យសាសនាជាច្រើនទៀត។

អត្ថបទទាក់ទង