រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលនាំយកអំណោយប្រគល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យចំនួន១៣គ្រួសារ នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ

ខេត្តកណ្តាល៖រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២២ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ ដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហម ខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងលោកស្រី ឈឿន បុប្ផារ័ត្ន អនុប្រធានគណៈកម្មាធិកាសាខាក្រុងតាខ្មៅ ព្រមទាំងក្រុមការងារបានអញ្ជើញសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះចំនួន១៣គ្រួសារ ស្ថិតនៅ​ក្នុងភូមិ​ដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។លោកនាយកសាខា បានមានប្រសាសន៍ថា៖ កាកបាទ ក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានសម្ដេចតែងតែគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវបន្តចុះសួរសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយទីទ័លក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀង អាហារឡើយ។ ជាមួយគ្នានេះ លោក ក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសាររងគ្រោះសូមមេត្តាកាត់ចិត្តទប់អារម្មណ៍ព្រោះហេតុការណ៍ទាំងអស់នេះវាក៏បានកន្លងផុតអស់ហើយ តែអ្វីដែលយើងត្រូវគិតគូរដោះស្រាយជាបន្តនោះ គឺការងាររកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ជីវភាពគ្រួសារឡើងវិញឱ្យមានភាពល្អប្រសើរឡើង។ សូមបញ្ជាក់ថា៖អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន១៣គ្រួសាររួមមាន៖ អង្ករ២៥គីឡូ, តង់​១​, មី​១កេស​,ត្រីខ១យួរ,ទឹកសុទ្ធ​១កេស, ទឹកស៊ីអ៉ីវ១យួរ,ទឹកត្រី១យួរ,ជេលលាងដៃ១ដប,ម៉ាស១ប្រអប់,ឃីតសម្ភារប្រើប្រាស់១កញ្ចប់ ព្រមទាំងថវិកាក្នុងមួយគ្រួសារចំនួន២០ម៉ឺនរៀល។ចំណែកអំណោយរបស់អនុសាខាក្រុងតាខ្មៅក្នុងមួយគ្រួសាររួមមាន៖អង្ករ២៥គីឡូ,ទឹកត្រី១យួរ,ទឹកស៊ីអ៉ីវ១យួរ,ត្រីខ១យួរ,ម៉ាស១ប្រអប់,អាល់កុល១ដប,សារុងចំនួន១,ទឹកសុទ្ធ១យួរ,សម្ភារផ្ទះបាយមួយឈុត,និងថវិកាក្នុងមួយគ្រួសារចំនួន៥ម៉ឺនរៀលផងដែរ៕

អត្ថបទទាក់ទង