រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រតិភូខេត្តកណ្តាលអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ហ៊ុន ណេង

ខេត្តកណ្តាល៖រសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំប្រតិភូខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភាជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានទទួលមរណភាព កាលពីថៃ្ងព្រហស្បតិ៍ ០៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦៖២៥នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ នៅភូមិគ្រិះឯកឧត្តម ហ៊ុន ណេង ទីរួមខេត្តកំពង់ចាម។ នៅក្នុងវេលាពោរពេញទៅដោយសមានទុក្ខ និងដោយសេចក្តីសោកស្ដាយជាពន់ពេក ចំពោះមរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង នេះគឺជាការបាត់បងនូវស្វាមី បង បងថ្លៃ ឳពុក ឳពុកក្មេក និងជាជីតា ជាទីគោរពស្រលាញ់ដ៏ ជ្រាលជ្រៅនឹងប្រកបទៅដោយព្រហ្មវិហារធម៌ ក៏ដូចជាបាត់បង់នូវបញ្ញវន្តមួយរូប ដែលបានចូលរួមចំណែកក្នុងស្ថាប័ន នីតិបញ្ញត្តិ ក្នុងការតាក់តែងច្បាប់ អនុម័ត និងការតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ហើយជានិច្ចជាកាល ឯកឧត្តម តែងតែបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ដើម្បីបម្រើបុព្វហេតុជាតិមាតុភូមិ ជាពិសេសក្នុងការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្នុងឱកាសដ៏សែនក្រៀមក្រំ ពោរពេញដោយសមានទុក្ខ និងដោយសេចក្តីសោកស្ដាយជាពន់ពេកនេះ យើងខ្ញុំ ទាំងអស់គ្នា សូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកជំទាវ លាង វួចឆេង ហ៊ុនណេង ព្រមទាំង ក្រុមគ្រួសារ និងសូមលើកហត្ថប្រណម ឧទ្ទិសបួងសួងដល់តេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន ណេង សូមឱ្យបានយោនយោគនិងចាប់បដិសន្ធិក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង