រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកបវេសនកាល នៃពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា ឆ្នាំសិក្សាថ្មី២០២២-២០២៣

ខេត្តកណ្ដាល៖ សម្ដេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា ព្រះអគ្គារធិការង និងជាព្រះមេគណខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ បាននិមន្ត​ជាអធិបតី ក្នុងពិធីបើកបវេសនកាល នៃពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងព្រះមន្ត្រី​សង្ឃ ព្រះថេរានុថេរៈ លោកគ្រូ សមណសិស្សជាង ៤០០អង្គ-នាក់។មានសង្ឃដីកាក្នុងពិធីនេះ សម្ដេចព្រះឧត្តមមុនី ជា សំអាង បានណែនាំដល់សមណសិស្សទាំងអស់ ត្រូវស្រឡាញ់ការសិក្សារៀនសូត្រ កុំបោះបង់ចោលការសិក្សា និងកុំខ្ជិលច្រអូស ត្រូវឧស្សាព្យាយាមដើម្បីសម្រេចប្រយោជន៍ ដែលខ្លួនមានសេចេក្តីប្រាថ្នាចង់ចេះចង់ដឹង ដើម្បីទទួលបានជោគជ័យក្នុងការសិក្សារៀនសូត្រ ជាងនេះទៅទៀតត្រូវគោរពឱ្យបានម៉ត់ចត់ នូវម៉ោងបង្រៀន និងម៉ោងសិក្សារបស់ខ្លួន ក្នុងទិសដៅសម្រេចឱ្យបានចប់តាមកម្មវិធីសិក្សាប្រកបដោយគុណភាព និងមានចំនេះដឹងពិតប្រាកដ។សម្ដេចព្រះឧត្តមមុនី បានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមជួយបង្កលក្ខណៈងាយស្រួលដល់ព្រះសង្ឃ ជាពិសេសញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ និងអ្នកមានលទ្ធភាពទាំងឡាយ សូមបន្តចូលរួមចំណែកជួយឧបត្ថម្ភ គាំទ្រ ដល់ព្រះសង្ឃដែលកំពុងសិក្សារៀនសូត្រ ទៅតាមសទ្ធាជ្រះថ្លា និងតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីឱ្យព្រះសង្ឃមានលទ្ធភាពក្នុងការសិក្សារៀនសូត្រ ការជួយឧបត្ថម្ភដល់ព្រះសង្ឃនេះ គឺជាបុណ្យកុសលដ៏ធំធេង ហើយនេះក៏ជាការឧបត្ថម្ភ និងផ្ដល់ឱកាសទៅដល់កូនកសិករ ខ្វះខាតដែលលោកបានបួស និងមករៀនដើម្បីមានសមត្ថភាព មានចំណេះដឹង ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។ថ្លែងក្នុងពិធីនេះដែរ លោកជំទាវ ហ៊ុន កុសនី បានចូលរួម អបអរសាទរចំពោះការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២- ២០២៣ ព្រមទាំងបានថ្លែងអំណរព្រះគុណ និងអរគុណដល់ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ មន្ទីរធម្មការ និងសាសនា ក្រសួង ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី គណៈគ្រប់គ្រងសាលា ពុទ្ធិកសិក្សាគ្រប់ភូមិសិក្សា ព្រះចៅអធិការ សប្បុរសជន ជាពិសេស សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានពុះពារ គ្រប់ឧបស័គ្គ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាព ក្នុងការចូលរួមជាមួយរដ្ឋបាលខេត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងធានាបាននូវនិរន្តរភាពនៃការសិក្សារៀនសូត្ររបស់សមណនិស្សិត សមណសិស្ស និស្សិត សិស្ស តាមគ្រប់រូបភាពអស់រយៈកាលជាង ២ឆ្នាំកន្លងមកនេះ ។ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហា បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ ពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា មានសមណសិស្សសរុបចំនួន ៣៤១អង្គ។ ពុទ្ធិកវិទ្យាល័យ មានចំនួន ១៥ មុខវិជ្ជាសម្រាប់សមណសិស្សសិក្សារៀនសូត្ររួមមាន៖ ភាសាបាលី ភាសាសំស្ក្រឹត ព្រះធម៌ ពុទ្ធវិន័យ ពុទ្ធសាសនា ភាសាខ្មែរ ភាសាអង់គ្លេស គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ផែនដីវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ពលរដ្ឋវិទ្យា និងជីវវិទ្យា។

អត្ថបទទាក់ទង