ខេត្តកណ្ដាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី និងបញ្ចុះបឋមសិលាកសាង សាលាពុទ្ធិកបឋមសិក្សា វត្តខ្ពប ស្ថិតនៅក្នុងវត្តខ្ពប ឃុំខ្ពប ស្រុកស្អាង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណ:ថ្នាក់ឯក និងជាឧត្តមទីប្រឹក្សាគណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការងពុទ្ធិកសិក្សាជាតិ និងសម្ដេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា ព្រះអគ្គាធិការង និងជាព្រះមេគណខេត្ត ។ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបច្ចប្បន្នក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព សេ្ថរភាពគ្រប់ទីកន្លែង និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាក់ស្តែងសាលាពុទ្ធិកបឋមសិក្សាវត្តខ្ពប ដែលត្រូវចាប់ផ្ដើមកសាងនាពេលនេះ គឺត្រូវបានស្ថាបនា ឡើងដើម្បីឆ្លើយតបតាមតម្រូវការយ៉ាងចាំបាច់ដែលមិនអាចខ្វះបានរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ សំដៅជួយលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពអប់រំនៃវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។ឯកឧត្តមបណ្ឌិត បានបញ្ជាក់ជូនប្រជាពលរដ្ឋ ដែលបានចូលរួមថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិយើង ព្រោះប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាព របស់ប្រជាពលរដ្ឋបានល្អប្រសើរ ដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។ ជាក់ស្តែង បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស អាស្រ័យ ដោយនយោបាយឈ្នះឈ្នះ ដែលផ្តួចផ្តើមដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសកម្ពុជា មានការប្រែប្រួល រីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យជាលំដាប់ និងជាពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច បានធ្វើឱ្យប្រទេសកម្ពុជាអាចទប់ស្កាត់ បាននូវការរាលឆ្លងនៃជំងីកូវីដ-១៩ តាមរយៈការខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានគ្រប់ៗគ្នា។ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ សូមទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីអនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ខ្លួន ព្រមទាំងចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងព្រះរាជា ណាចក្រកម្ពុជា និងសូមបោះឆ្នោតជូនគណបក្ស ដែលតែងតែនៅរួមសុខទុក្ខជាមួយបងប្អូន ព្រមទាំងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។សូមជម្រាបថា សាលាពុទ្ធិកបឋមសិក្សា វត្តខ្ពប គ្រោងនឹងសាងសង់ឡើងដោយមាន បណ្ដោយ ២១ម៉ែត្រ ទទឹង ០៨ម៉ែត្រ កម្ពស់ ០២ជាន់ សង់ពីថ្មប្រក់ក្បឿង។
152You and 151 others1 Comment8 SharesLikeCommentShare