រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរខេត្តកណ្តាល បានជួបសំណេះសំណាលជាមួយអតីតថ្នាក់ដឹកនាំ និងមន្ត្រីមវត្តន៍ជន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតខ្មែរ

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានផ្លាស់ប្តូរប្រធានមន្ទីរចំនួន ៥ រូបមកហើយ ក្នុងរយៈពេលជាង ៤០ឆ្នាំ ហើយអ្វីដែលជាជាមោទនភាពបំផុតនោះ គឺគ្មានប្រធានមន្ទីររូបណា ដែលត្រូវបានផ្លាស់ប្តូរដោយបង្ខំនោះទេ គឺសុទ្ធតែបានកាន់មុខតំណែងរហូតដល់អាយុចូលនិវត្តន៍ ឬផ្លាស់ទៅបំពេញការងារថ្មីតាមការចាំបាច់របស់ថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្តតែប៉ុណ្ណោះ។ ជាពិសេសរាល់ការតែងតាំងគឺសុទ្ធតែទទួលបានការគាំទ្រនិងការផ្តល់សេចក្តីទុកចិត្តពីថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំក្រសួង ហើយជ្រើសរើសនៅនឹងកន្លែង ដោយមិនឱ្យមានមន្ត្រីមកពីអង្គភាពផ្សេងមកជំនួសឡើយ។ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ដូច្នេះ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអតីតថ្នាក់ដឹកនាំ និងមន្ត្រីមវត្តន៍ជន នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរខេត្តកណ្តាល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម នួន ផា អតីតប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បច្ចុប្បន្នជា នាយករងខុទ្ទការល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងអតីតថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការចូលនិវត្តន៍ជាង ២០នាក់ កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានជម្រាបថាការរៀបចំពិធីជួបជុំសំណេះសំណាលអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺធ្វើឡើងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាថ្ងៃ ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ នាពេលខាងមុខ។ជាពិសេសគឺដើម្បី សំដែងការគោរព ការនឹករលឹក សាកសួរសុខទុក្ខ ព្រមទាំងសូមថ្លែងអំណរគុណ ដល់ អ៊ុំ ពូ មីង ដែលបាន ចែករំលែកបទពិសោធន៍ បានណែនាំ បានបង្ហាត់បង្រៀន ដល់មន្ត្រីក្មេងៗជំនាន់ក្រោយ អោយមានចំណេះដឹង ក្លាយជាមន្ត្រីមានសមត្ថភាព គុណធម៌ សុជីវធម៌ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន និងអនាគត គុណបំណាច់ទាំងនេះគឺពុំអាចកាត់ថ្លៃបានឡើយ ដែលពួកយើងខ្ញុំនឹងចងចាំក្នុងចិត្តជានិច្ច។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានគោរពជូនពរ ដល់ឯកឧត្តម លោកជំទាវ លោក លោក ស្រី ជាអតីតថ្នាក់ដឹកនាំ និងមន្ត្រីនិវត្តន៍ជន ព្រមទាំង លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តទាំងអស់ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សូមបួងសួងដល់ទេវតាឆ្នាំថ្មី មេត្តាប្រទានពរជ័យសិរីជ័យមង្គលជូនចំពោះ ឯក ឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់សូមជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លានឃ្លាតឡើយ និងសូមចៀសផុតពីជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។

អត្ថបទទាក់ទង