រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាកាមមកពីរាជធានី-ខេត្តចំនួន៦ ទទួលបានវគ្គសិក្សា ស្ដីពីការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន ពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

++++++ ខេត្តកណ្តាល៖ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា៖ សិក្ខាសាលានេះ គឺរៀបចំឡើងដើម្បីចែករំលែកនូវទស្សនទាន យន្ដការ និងយុទ្ធសាស្រ្ដ ជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អ លើវិស័យព័ត៌មាន នៅថ្នាក់ក្រោមជាតិ សំដៅជំរុញប្រសិទ្ធភាព នៃការផ្សព្វផ្សាយ និងបំផុសព័ត៌មានឱ្យចូលកៀកប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់នៅតាមមូលដ្ឋាន ពីព្រោះវិស័យព័ត៌មាន គឺជាចំណែកស្នូលក្នុងកិច្ចចូលរួមកសាង អភិបាលកិច្ចល្អដែលមានធាតុផ្សំ “តម្លាភាព និងគណនេយ្យភាព” ។

ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ដូច្នេះ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលា ស្ដីពីការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន ដែលមានរយៈពេល២ថ្ងៃ នៅសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ព្រមទាំង លោក-លោកស្រីជាមន្រ្ដីនាំពាក្យសាលាខេត្ត និងប្រធានមន្ទីរអង្គភាពវិស័យជំនាញជំុំវិញរាជធានី-ខេត្តចំនួន៦ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តមបានបញ្ជាក់បន្តថា សិក្ខាសាលានេះ គឺជា សកម្មភាព នៃការចូលរួមអនុវត្តជាក់ស្តែង នូវស្មារតី និងខ្លឹមសារនៃប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាន ស្តីពី “តួនាទី ភារកិច្ចរបស់មន្រ្តី ទទួលបន្ទុកព័ត៌មានរដ្ឋបាល រាជធានី-ខេត្ត” ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២។ ឯកឧត្តមបានបន្ថែមថា ការចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រីនៅថ្ងៃនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងនូវការអនុវត្តនយោបាយកែទម្រង់ដ៏មុតស្រួច ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋាន តាមស្មារតីនៃគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ ដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋានផ្ទាល់ ក្នុងការផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាពនៃការដឹកនាំរដ្ឋបាលមូលដ្ឋាន ដោយការបង្ហាញចេញនូវដំណោះស្រាយនៃបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ទាំងដោយផ្ទាល់ (វេទិកាសាធារណៈ) និងដោយប្រយោល (រលកអាកាស) ដែលមានមន្ទីរជំនាញចូលរួមសហការយ៉ាងជិតស្និទ ក្នុងកិច្ចក្ដោបក្ដាប់ និងគ្រប់គ្រងមតិសាធារណៈ ឆ្ពោះទៅរកប្រសិទ្ធភាព ឯកភាព និងសាមគ្គីភាពរវាងរាស្រ្ត និងរដ្ឋ ចាប់ផ្តើមពីមូលដ្ឋានមកកាន់ថ្នាក់ជាតិ។

ក្នុងពិធីនេះដែរ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ក៏បានជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមត្រងត្រាប់ស្តាប់ និងកត់ត្រា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលយកនូវចំណេះដឹងថ្មីៗ រួមជាមួយនឹងបទពិសោធន៍ល្អៗ ពីវាគ្មិន ពិសេសពីសំណាក់ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលនឹងធ្វើការណែនាំ បណ្តុះបណ្តាល បង្ហាត់បង្រៀន ចែករំលែកជូនក្នុងសិក្ខាសាលានេះ ដើម្បីពង្រឹងសមត្ថភាពជំនាញក្នុងការអនុវត្តជាក់ស្ដែងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើង។

អត្ថបទទាក់ទង