រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

គណៈកម្មការទី៨ នៃរដ្ឋសភា ជួបពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តកណ្តាល ពាក់ព័ន្ធនឹងការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជជីវៈ និងកិច្ចការនារី

++++++ខេត្តកណ្តាល៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានមានប្រសាសន៍ថា ការជួបសំណេះសំណាល ជាមួយរដ្ឋបាលខេត្តកណ្ដាលនាពេលនេះ ជាបេសកកម្មចុះមូលដ្ឋានដើម្បីឈ្វេងយល់ពីស្ថានភាពអនុវត្តន៍ច្បាប់ និងគោលនយោបាយក្នុងវិស័យទទួលខុសត្រូវរបស់ខ្លួន។លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ដូច្នេះ នៅក្នុងកិច្ចប្រជុំជួបពិភាក្សាការងារជាមួយ​ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល ព្រមទាំងលោក លោកស្រីប្រធានមន្ទីរជំនាញពាក់ពន្ធ័ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តកណ្តាល ។

លោកជំទាវបានបញ្ជាក់ថា កិច្ចការសំខាន់ដែលគណៈកម្មការទី៨ ចង់ដឹងគឺវឌ្ឍនភាពនៃការអភិវឌ្ឍ និងការអនុវត្តកម្មវិធីគោលនយោបាយរាជរដ្ឋាភិបាលរបស់រដ្ឋបាលខេត្តកណ្តាល ដែលមានការពាក់ព័ន្ធនឹងវិស័យទាំងបួនដែលគណៈកម្មការទទួលខុសត្រូវ រួមមាន វិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជជីវៈ និងកិច្ចការនារី និងដើម្បីស្តាប់នូវបញ្ហាប្រឈម និងសំណូមពររបស់រដ្ឋបាលខេត្ត ទុកជាមូលដ្ឋានសម្រាប់គណៈកម្មការ កត់ត្រាឱ្យបានត្រឹមត្រូវ យកទៅជូនថ្នាក់លើសម្រេច និងដោះស្រាយជូន និងជាពិសេស នឹងចូលរួមជាមតិយោបល់ អំពី ក្លឹមសារនៃច្បាប់នានាបន្ថែមទៀត ដើម្បីជាគំនិត ធ្វើឱ្យការអនុវត្តការងារនៅក្នុងស្ថាប័ន អង្គភាពរបស់ខ្លួន រឹតតែទទួល បានលទ្ធផលល្អជាលំដាប់។

ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តម គង់ សោភ័ណ្ឌ បានជម្រាបជូនដល់គណៈកម្មការទី ៨ អំពីលទ្ធផលសម្រេចបាននៅក្នុងវិស័យសុខាភិបាល វិស័យសង្គមកិច្ច និងអតីតយុទ្ធជន វិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារី ព្រមទាំងបានលើកឡើងនីវបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ និងសំណូមពរចាំបាច់ដែលត្រូវធ្វើការពិនិត្យ ពិភាក្សាសំដៅធ្វើឲ្យវិស័យទាំងបួនដែលឋិតក្នុងការប្រមើមើលរបស់គណៈកម្មការទី៨ មានលទ្ធផលល្អលើការផ្តល់សេវាជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងអតីតយុទ្ធជន។ បន្ទាប់ពីបានស្តាប់របាយការណ៍របស់មន្ទីរពាក់ព័ន្ធ និងបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមករួច លោកជំទាវ ឡោក ខេង ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាល ក៏ដូចជាមន្ទីរពាក់ព័ន្ធក្នុងការអនុវត្តការងារកន្លងមក លោកជំទាវបានសម្តែងក្តីសង្ឃឹមថា បន្ទាប់ពីជំនួបពិភាក្សានេះ អង្គភាពពាក់ព័ន្ធទាំងអស់ នឹងខិតខំសហការ បំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរថែមទៀត ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋក្នុងខេត្ត។

អត្ថបទទាក់ទង