រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការស្តារប្រឡាយ ៤ខ្សែ និងបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកព្រែកដើមលាភ ប្រវែង៧០០ម៉ែត្រ នៅភូមិព្រែកហូរកើត១

++++++++ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំង ២៨២គ្រួសារ ដែលបានចូលរួមសហការជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ អនុគណៈកម្មការខេត្ត និងអាជ្ញាធរមូលដ្ឋាន ដោយយល់ព្រមទទួលយកសំណង តាមគោលការណ៍ និងនីតិវិធី ជួយសម្រួលដល់ រដ្ឋបាលខេត្ត អនុវត្តគម្រោង ស្តារប្រឡាយទាំង ៤ខ្សែ ប្រវែង ៦៦២៣ម៉ែត្រនេះឱ្យរួចរាល់តាមផែនការគ្រោងទុក ដើម្បីរំដោះទឹកជំនន់ និងទឹកកខ្វក់នៅរដូវវស្សាចេញពីទីក្រុងតាខ្មៅ។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងដូច្នេះ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ២៨២ គ្រួសារ ដែលទទួលបានពីការដោះស្រាយផលប៉ះពាល់ស្តារប្រឡាយ ៤ខ្សែ និងបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកព្រែកដើមលាភ ប្រវែង៧០០ ម៉ែត្រ មុខកាត់១ម៉ែត្រ ស្ថិតនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៉ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយ ផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងប្រជាពលរដ្ឋជាង ៣០០នាក់។ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋ រងផលប៉ះពាល់ទាំង ២៨២ គ្រួសារនេះមាន ប្រជាពលរដ្ឋចំនួន ១៧២ គ្រួសារ ទទួលរងនូវផលប៉ះពាល់សំណង់មួយផ្នែក និងអាចបន្តរស់នៅទីតាំងចាស់ និងប្រជាពលរដ្ឋចំនួន ១១០ គ្រួសារទទួលរងផលប៉ះពាល់ទាំងស្រុង (អស់ដីសម្រាប់សាងសង់ លំនៅឋានឡើងវិញ) ក្នុងនោះមានប្រជាពលរដ្ឋ ៧ គ្រួសារ បានស្នើសុំរស់នៅបន្តលើទីតាំងចាស់ដែលមានដី នៅសល់ផ្នែកខាងក្រោយក្នុងដីចំណីប្រឡាយដដែល។ឯកឧត្តមអភិបាលខេត្តបានបន្តថា ផ្អែកតាមគោលនយោបាយដោះស្រាយផលប៉ះពាល់ ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ទាំងស្រុង និងបានឯកភាពផ្លាស់លំនៅឋានទៅទីតាំងថ្មីចំនួន ១០៣គ្រួសារ បានចាប់ឆ្នោតយកដី ១ឡូតិ៍ ទំហំ៩០ ម៉ែត្រក្រឡា គឺ(៥ ម៉ែត្រ x ១៨ម៉ែត្រ) ដើម្បីចេញពីទីតាំងចាស់ទៅរស់នៅក្នុងទីតាំងថ្មី ដែលបានរៀបចំរួចរាល់ដោយគណៈកម្មការអន្តរក្រសួងនៅលើផ្ទៃដីសរុបប្រមាណ ១,៣៩ហិកតា ស្ថិតក្នុង ភូមិសាស្ត្រសង្កាត់ព្រែកហូរ។ ជាពិសេស គណៈកម្មការអន្តរក្រសួងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ចាក់ដីកិនបង្ហាប់ ធ្វើផ្លូវ ក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង ៣៤២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ដាក់លូរំដោះទឹកភ្លៀង ប្រវែង ៥៤៧ ម៉ែត្រ, ដាក់រ៉ឺហ្គាចំនួន ២៣ កន្លែង និងដាក់បង្គោលភ្លើងតាមបណ្ដោយផ្លូវទីតាំងថ្មីចំនួន ១០ បង្គោល ដើម្បីឱ្យប្រជា ពលរដ្ឋរស់នៅសមរម្យ និងមានផាសុខភាពផងដែរ។ក្នុងពិធីនេះដែរ ឯកឧត្តម អ៉ឹម សិទ្ធីរ៉ា បានមានប្រសាសន៍ថា ដោយកត្តាសន្តិភាព ទើបថ្នាក់ដឹកនាំខេត្ត មានឱកាសអភិវឌ្ឍន៍នៅមូលដ្ឋាន ហើយជាក់ស្តែងស្ថានីយ៍បូមទឹកព្រែកដើមលាភ ប្រវែង៧០០ម៉ែត្រនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការជួយរំដោះទឹកជៀសផុតពីការជនលិចលំនៅដ្ឋាននារដូវស្សា ហើយនេះគឺជាសមិទ្ធផលថ្មី១ទៀត ដែលបង្ហាញពីការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រមុខរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ។នាឱកាសនោះដែរឯកឧត្តម បានស្នើដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើកិច្ចការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសប្រភេទវីរុសបំលែងថ្មីអូមេក្រុង ឱ្យល្អបំផុត ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ត្រូវអនុវត្តនូវវិធានការ ៣ការពារគឺ និងវិធានការអនាម័យរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា។

អត្ថបទទាក់ទង