រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ភូមិចំនួន២ នៅស្រុកស្អាង ត្រូវបានអាជ្ញាធរប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ

++++++++ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ ចំនួន ២ភូមិ ដែលបានធ្វើឡើងនៅក្នុងបរិវេនវត្តកោះខាល ឃុំកោះខែល ស្រុកស្អាង ​ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោក ចាប ពលវឌ្ឍ ប្រធានភូមិបាលស្រុកស្អាង បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្វាយជួរ និងភូមិព្រែកប៉ាងទាំងអស់ សូមរួសរាន់អញ្ជើញមកពិនិត្យទិន្នន័យដែលបានបិទផ្សាយនៅពេលនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីធ្វើការកែតម្រូវឬតវ៉ា ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋបានពិនិត្យឃើញថាមានកំហុសផ្សេងៗ មកក្រុមការងារធ្វើការកែសម្រួលឱ្យបានត្រឹមត្រូវឡើងវិញ សំដៅឆាប់ចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋបានលឿន និងមានភាពត្រឹមត្រូវ។

លោកបន្តថា ការបិទផ្សាយនេះគឺមានរយៈពេល ១៥ថ្ងៃគឺគិតចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២២ ក្នុងរយៈពេលនេះគឺពេលវេលាដ៏មានសារសំខាន់បំផុតសម្រាប់បងប្អូនទាំងអស់ ដោយមន្ត្រីជំនាញនឹងនៅប្រចាំការដើម្បីទទួលការប្ដឹងជំទាស់តវ៉ា និងធ្វើការកែតម្រូវលើទិន្នន័យរបស់បងប្អូន ឱ្យបានត្រឹមត្រូវឡើងវិញ បើផុតរយៈការកំណត់ខាងលើនេះក្រុមការងារយើងនឹងដាក់ជូនថ្នាក់ខេត្តដើម្បីសម្រេច បន្ទាប់ពីទទួលបានសេចក្តីសម្រេចហើយ ឯកសារនេះគឺជាឯកសារត្រឹមត្រូវស្របច្បាប់ហើយមិនអាចសបានទៀតទេ។

លោកបានបន្ថែមថា ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី រឺប្លង់រឹងជូនបងប្អូនប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់បំផុត ព្រោះវាបានផ្តល់ភាពច្បាស់លាស់ដល់ម្ចាស់អចលនទ្រព្យ ហើយនេះក៏ជាវិធីមួយដើម្បីការពារជម្លោះ ដូចជាជម្លោះព្រំដីរវាងម្ចាស់អចលនទ្រព្យម្នាក់ៗ ហើយវាក៏ជាកត្តាដែលធ្វើឱ្យដីរបស់បងប្អូនប្រជាពលរដ្ឋងាយស្រួលទិញលក់ និង ធ្វើឱ្យដីមានតម្លៃ។ ថ្លែងក្នុងពិធីនេះដែរ លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានបញ្ជាក់បន្ថែមថា ប្លង់រឹងគឺជាប័ណ្ណកម្មសិទ្ធិដែរស្របច្បាប់ និងមិនមាននរណាម្នាក់អាចក្លែងបន្លំបានឡើយ ហើយនៅពេលដែលបងប្អូនប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិកានកាប់ដីធ្លីស្របច្បាប់ហើយមានន័យថាបងប្អូនជាម្ចាស់លើអចលនវត្ថុរបស់ខ្លួនបានពេញលេញ រឹងមាំលើផ្លូវច្បាប់ ជាពិសេសបងប្អូនអាចលក់ដូរដីដែលមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវទៅឱ្យអ្នកដទៃបានងាយស្រួល និងអាចដាក់បញ្ចាំ ឬធ្វើអាជីវកម្មនានាលើដីទាំងនោះបានផងដែរ។

នាឱកាសនោះដែរ លោកអភិបាលស្រុកស្អាង ក៏បានជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និង ប្រជាពលរដ្ឋទាំងអស់ដែលជាអ្នកកាន់កាប់ដីនៅក្នុងតំបន់វិនិច្ឆ័យ សូមបង្កភាពងាយស្រួល និងសហការល្អជាមួយគ្នាឱ្យបានជាប់ជាប្រចាំ ដើម្បីជំរុញឱ្យក្រុមការងារ បំពេញការងារដោយរលូន និងបញ្ចប់ជាស្ថាពរតាមនីតិវិធីច្បាប់ដើម្បីកាត់បន្ថយបញ្ហាទំនាស់ដីធ្លី និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែប្រសើឡើង។ លោកអភិបាលស្រុកក៍បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជួយផ្សព្វផ្សាយបន្ត នាំគ្នាមកពិនិត្យទិន្ន័យក្បាលដីរបស់ខ្លួន ឱ្យបាន​ច្បាស់លាស់ ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យ និងកែសម្រួលឡើងវិញ ព្រោះមានរយៈពេលកំណត់តែ១៥ថ្ងៃប៉ុណ្ណោះ បើលើសការកំណត់គឺមិនអាចតវ៉ាបានឡើយ៕

អត្ថបទទាក់ទង