++++++++++++++ខេត្តកណ្ដាល៖ សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២០-២០២១ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ទទួលបានការលើកទឹកចិត្តពីឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់សិត្បូ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុងតាខ្មៅ។
ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់សិត្បូ បានសំដែងនូវការអបអរសាទរចំពោះសិស្សដែលទទួលបានជ័យលាភីក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០២០-២០២១។ ក្នុងនោះដែរឯកឧត្តមក៏បានចូលរួមសោកស្ដាយចំពោះសិស្សានុសិស្សដែលមិនបានប្រលងជាប់ និងបានលើកទឹកចិត្តដល់សិស្សសានុសិស្សដែលមិនបានប្រឡងជាប់ មិនត្រូវអស់សង្ឃឹម និងបោះបង់ចោលការសិក្សាឡើយ ត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីឱ្យទទួលបានលទ្ធផលជោគជ័យនៅឆ្នាំសិក្សាបន្តទៀត។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ ក្នុងសង្កាត់សិត្បូ ដែលក្នុងនោះសិស្សនិទ្ទេសA ចំនួន១រូប និទ្ទេសB ចំនួន៨រូប និទ្ទេសC ចំនួន១៦រូប និទ្ទេសD ចំនួន២១រូប និទ្ទេសE ចំនួន១៦រូប និងបានចូលរួមសោកស្តាយដល់សិស្សចំនួន១២នាក់មិនបានប្រឡងជាប់ផងដែរ។
ឯកឧត្តមអភិបាលខេត្ត បន្តថា ក្មួយៗជ័យលាភីទាំងអស់ត្រូវតែខិតខំរៀនសូត្របន្ថែមទៀតដើម្បីថែបំប៉ន និងលើកកម្ពស់សមត្ថភាពរបស់ខ្លួនឱ្យបានជាប្រចាំ ទាំងខាងចំណេះដឹង ចំណេះធ្វើ និងខាងសីលធម៌ សម្រាប់យកទៅប្រើប្រាស់ឱ្យបានជាគុណប្រយោជន៍ដល់ខ្លួនឯងផង ដល់គ្រួសារផង ដល់សង្គមជាតិផង។ ទន្ទឹមនឹងនោះក្មួយៗទាំងអស់ ត្រូវខិតខំកសាងឱ្យបានសម្រេចនូវសមត្ថភាព៤យ៉ាង ដែលជាមូលដ្ឋានគ្រឹះនៃការសិក្សាគឺ ៖ « ខំរៀន ឱ្យមានចំណេះដឹង រៀនឱ្យមានចំណេះធ្វើ រៀនឱ្យមានសីលធម៌ និងរៀនឱ្យចេះរស់នៅជាមួយគ្នាដោយគ្មានរើសអើង និងគ្មានការបែងចែកអ្វីទាំងអស់»។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍ ពិសេសមេរោគបំលែងថ្មីអូមីក្រុង ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី មាន ៣កុំ និង ៣ការពារ។សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២០-២០២២ នៅសង្កាត់សិត្បូ ទទួលបានការលើកទឹកចិត្តដោយម្នាក់ៗទទួលបាន៖ សិស្សនិទ្ទេសA ថវិកា៤០ម៉ឺនរៀល និទ្ទេសB ថវិកា២៥ម៉ឺនរៀល និទ្ទេសC ថវិកា២០ម៉ឺនរៀល និទ្ទេសD ថវិកា១៥ម៉ឺនរៀល និទ្ទេសE ថវិកា១០ម៉ឺនរៀល និងនិទ្ទេសF ថវិកា៥ម៉ឺនរៀល។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/273162002_254382833536733_4723946225050064367_n-1-9-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/274045222_258819886426361_9030077235578546105_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/273558834_258820196426330_5929208597396567187_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/273935766_258820453092971_4398068074442068049_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/273583407_258820283092988_7175889295340983684_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/02/274070707_258820869759596_3295099052123625228_n-1024x682.jpg)