រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ចុះធ្វើការត្រួតពិនិត្យ សកម្មភាពលើកដាក់ និងដឹកជញ្ជូននាំចេញ-នាំចូលផលនេសាទ(ផ្លូវគោក-ផ្លូវទឹក) តាមតំបន់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកកោះធំ ខេត្តកណ្ដាល

+++++++++ខេត្តកណ្ដាល៖ ដើម្បីលុបបំបាត់ការនាំចូលផលនេសាទបែបអនាធិបតេយ្យ និងបង្កើននូវប្រាក់ចំណូលជូនរដ្ឋ នៅព្រឹកថ្ងៃទីឲ៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញជុំវិញខេត្ត អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកកោះធំ បានបើកកិច្ចប្រជុំ និងចុះធ្វើការត្រួតពិនិត្យ សកម្មភាពលើកដាក់ និងដឹកជញ្ជូននាំចេញ-នាំចូលផលនេសាទ(ផ្លូវគោក-ផ្លូវទឹក) តាមតំបន់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកកោះធំ ខេត្តកណ្ដាល។

លោក ហេង សុធារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាល បានឱ្យដឹងថា នៅស្រុកកោះធំ មានទីតាំងលើកដាក់ និងដឹកជញ្ជូននាំចេញ-នាំចូលផលនេសាទ ចំនួន៦ទីតាំង ដែលបាននាំចូលផលនេសាទពីប្រទេសវៀតណាម ដោយឡែកសម្រាប់ការនាំចេញផលនេសាទ ចេញក្រៅប្រទេសគ្មានទេ។ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ការចុះពិនិត្យនេះដែរ ក្នុងគោលបំណងលុបបំបាត់ភាពអនាធិបតេយ្យ និងមិនមានការគ្រប់គ្រងបានត្រឹមត្រូវច្បាស់លាស់ក្នុងការលើកដាក់ និងដឹកជញ្ជូននាំចេញ-នាំចូលផលនេសាទ ដែលនាំអោយមានការបាត់បង់នូវប្រាក់ចំណូលជូនរដ្ឋ។

ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់មន្ទីរអង្គភាពជុំវិញខេត្ត អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក ត្រូវរួមសហការគ្នាអនុវត្តតាមជំនាញ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីលុបបំបាត់នូវភាពអាណាធិបតេយ្យ និងបង្កើនចំណូលជូនរដ្ឋផងដែរ។បន្ទាប់ពីចុះពិនិត្យទីតាំង លើកដាក់ និងដឹកជញ្ជូននាំចេញ-នាំចូលផលនេសាទ ក្រុមការងារបានពិនិត្យឃើញថា មានទីតាំងមិនសមរម្យ គ្មានចំណតលើកដាក់ត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរទីតាំងផ្ទាល់។ ឯកឧត្តមបានស្នើដល់មន្ត្រីជំនាញ ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឱ្យការលើកដាក់ និងដឹកជញ្ជូននាំចេញ-នាំចូលផលនេសាទ មានទីតាំងស្រប និងមិនប៉ះពាល់ដល់ប្រជាពលរដ្ឋនៅជុំវិញនោះផងដែរ។

អត្ថបទទាក់ទង