ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង១១ ត្រូវបន្តខិតខំបញ្ចេញស្នាដៃរបស់ខ្លួនលើការងារបរិស្ថាន ការងារគ្រប់គ្រងសំរាម និងកាកសំណល់រឹង ដោយត្រូវរៀបចំផែនការថ្មី ដើម្បីអនុវត្តឱ្យបានទទួលលទ្ធផលពិតប្រាកដ សំដៅធ្វើឱ្យខេត្តកណ្ដាលទាំងមូលទទួលបានជោគជ័យលើការងារគ្រប់គ្រងសំរាម និងកាកសំណល់រឹង។
ឯកឧត្តមអភិបាលខេត្ត បានស្នើឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីគម្រោងរៀបចំបរិស្ថាន និងការអភិវឌ្ឍក្នុងភូមិសាស្រ្តខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដោយមានចូលរួមពី ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង១១ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការគ្រប់គ្រងសំរាម សំណល់រឹង គឺជាកិច្ចការ សំខាន់បន្ទាន់សម្រាប់យើងទាំងអស់គ្នា ចូលរួមទទួលខុសត្រូវ ដូចពាក្យស្លោករបស់រាជរដ្ឋាភិបាលបានលើក ឡើងថា "កម្ពុជាស្អាតផ្ដើមចេញពីយើងម្នាក់ៗ” ដូច្នេះយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់លើកិច្ចការ សំខាន់ៗមួយចំនួនដូចជា ការបើកយុទ្ធនាការប្រមូល សំរាមនៅតាមដងផ្លូវ និងក្នុងប្រភពទឹកសាធារណៈឱ្យអស់ ការកែលម្អទីលានចាក់សំរាម ការកំណត់ថ្លៃសេវា សំរាម ការអប់រំប្រជាពលរដ្ឋលើការញែកនិងទុកដាក់សំរាម ការពង្រឹងការទទួលខុសត្រូវរបស់ការិយាល័យជំនាញ ការចូលរួមរបស់វិស័យឯកជនក្នុងការគ្រប់គ្រងសំរាម និងការពង្រឹងលើការអនុវត្តការផាកពិន័យ ទាក់ទងនឹង បទល្មើសនៃការចោលនិងដុតសំរាមជាដើម។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ត គោលការណ៍សកល៣អ៊ែ (3Rs)គឺ៖ កាត់បន្ថយ (Reduce) ប្រើប្រាស់ឡើងវិញ (Reuse) និងកែច្នៃ (Recycle) គឺជាគោលដៅអាទិភាពសម្រាប់កិច្ចគាំពារនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម-បរិស្ថាន បរិយាប័ន្ន ក្នុងគោលដៅលើកកម្ពស់សោភ័ណភាពទីប្រជុំជនខេត្ត-ក្រុង-ស្រុក ឱ្យមានផាសុខភាព និងសុខមាលភាពប្រជាជនទូទៅ នៅក្នុងខេត្តកណ្តាលទាំងមូល។សូមជម្រាបថា នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មានប្រជាជនសរុបប្រមាណ ជិតមួយលានបីសែននាក់ គិតត្រឹមឆ្នាំ២០១៩ ហើយបើតាមការប៉ាន់ស្មាន ជាមួយនឹងចំនួនប្រជាពលរដ្ឋនេះ បរិមាណសំរាម សំណល់រឹង គឺមានជាមធ្យមប្រមាណ ៧៨០តោន/ថ្ងៃ ឬប្រមាណ ២៨.៥ ម៉ឺនតោន/ឆ្នាំ។
![](https://asset.cambodia.gov.kh/provincial/sites/29/2022/01/272313257_4576983902429813_768004710002251722_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/01/271889982_4577067452421458_2022221845005402984_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/01/272121389_4577074722420731_3720466045865302565_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/01/271979931_4577068649088005_8089242885092432138_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/01/272107539_4577072399087630_2525633213980536516_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2022/01/272134208_4577069132421290_1282173202784968588_n.jpg)