រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សប្បុរសជន បាននាំយកថវិកា និងស្បៀងអាហារមួយចំនួន ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកា និងស្បៀងអាហារមួយចំនួនពីសប្បុរសជននានា រួមមាន៖ លោក ហួរ ហាក់សេង ហាងគ្រឿងអលង្កាពេជ្រ ថនគឹមលី និងលោកជំទាវឧកញ៉ា សួង សីខូចជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណដល់ សប្បុរសជននានាដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។

ឯកឧត្តម បន្តថា ថវិកា និងស្បៀងអាហារ ដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កន្លងមកបានប្រយុទ្ធប្រឆាំង និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋដែលជួបនូវគ្រោះមហន្តរាយផ្សេងៗ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។

ឯកឧត្ដម បានសន្យាថា ថវិកា និងស្បៀងអាហារទាំងអស់នេះនឹងរក្សាទុកអោយបានត្រឹមត្រូវ និងយកទៅប្រគល់ដល់ដៃប្រជាពលរដ្ឋដែលជួបការលំបាក ដែលកំពុងត្រូវការជំនួយពីយើងទាំងអស់គ្នា។ថវិកា និងស្បៀងអាហារ ដែលសប្បុរសជននាំយកជូនសាខាកាកបាទក្រហមខេត្តកណ្ដាលរួមមាន៖១-លោក ហួរ ហាក់សេង ហាងគ្រឿងអលង្កាពេជ្រ ថនគឹមលី បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ២-លោកជំទាវឧកញ៉ា សួង សីខូច បានចូលរួមឧបត្ថម្ភអង្ករ ៥តោន និងមី ១០០កេស។

អត្ថបទទាក់ទង