រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំកិច្ចផ្ទៀងផ្ទាត់និងវាយតម្លៃ “ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣” របស់បេក្ខភាព ក្រុងតាខ្មៅ

++++++++++ខេត្តកណ្ដាល ៖ សំដៅជំរុញអោយក្រុងតាខ្មៅដែលជាក្រុងបេក្ខភាពប្រលងប្រណាំងទីក្រុងស្អាតសំរាប់ ជ័យលាភីរំដួលបីទងនាឆ្នាំ (២០២២ - ២០២៥) នៅថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០២១ ឯកឧត្ដម គឹម សេរីរដ្ឋ អគ្គលេខាធិការរងគ.ជ.វ.ទ និងជាប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាលបានបើកកិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃ “ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣” របស់បេក្ខភាព ក្រុងតាខ្មៅ ដោយបានការអញ្ជើញចូលរួមពីសំណាក់បណ្តាមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា ក្រុងតាខ្មៅគឺជាក្រុងមួយក្នុងចំណោម ក្រុង-ស្រុកទាំង១១ របស់ខេត្តកណ្ដាល មានផ្ទៃដីសរុប ១១២,១០៦៧គីឡូម៉ែតការេ ស្មើនឹង ១១,២១០.៦៧ ហិកតា ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា មានព្រំប្រទល់ខាងជើងទល់នឹងខណ្ឌមានជ័យ ខាងត្បូងទល់នឹងស្រុកស្អាង និងស្រុកកណ្ដាលស្ទឺង ខេត្តកណ្ដាល ខាងលិចទល់នឹងខណ្ឌដង្កោខាងកើតទល់នឹងខណ្ឌច្បាអំពៅរាជធានីភ្នំពេញ ។ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានលើកឡើងថា បេក្ខភាពក្រុងតាខ្មៅនៅឆ្នាំ ២០១៥ ទទួលបានជ័យលាភីរំដួល ២ទង និងឆ្នាំ ២០១៧ ខេត្តកណ្ដាលនៅតែសំរេចយកក្រុងតាខ្មៅធ្វើជាបេក្ខភាពដដែល។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអភិបាលរងខេត្ត បានក្រើនរំលឹកដល់ក្រុមការងារដែលមានមន្ទីរពាក់ព័ន្ធ ត្រូវរួមសហការក្នុងការបំពេញតាមសុចនាករណាដែលយើងមិនទាន់បានអនុវត្ត សំរង់ព័ត៌មានអំពីធុងសំរាមនៅតាមទីកន្លែងសំខាន់ៗដែលមានការឆ្លងកាត់ញឹកញាប់នៅក្នុងក្រុងតាខ្មៅ ស្រង់សិ្ថតិអ្នកបើកបរមធ្យោបាយដឹកជញ្ជូនដែលមាននៅក្នុងក្រុងតាខ្មៅ ស្រង់សិ្ថតិអំពីបណ្តាញប្រមូលសំណល់រាវ សកម្មភាពនៃការប្រមូល សំណល់រាវរបស់បណ្តាញនីមួយៗ និង ស្រង់ស្ថិតិការពេញចិត្តរបស់ភ្ញៀវទេសចរណ៍ ក្នុងកំឡុងពេលស្នាក់នៅក្នុងក្រុងតាខ្មៅ។លោកជំទាវអភិបាលរងខេត្ត ក៏បានសំណូមពរដល់ក្រុមការងារ និងលេខាធិកាដ្ឋានជំរុញ គ្រប់ការងារទាំងអស់ដែលពាក់ព័ន្ធទៅនឹងការដាក់ពាក្យសុំចូលរួមប្រឡងប្រណាំងទីក្រុងស្អាត តាមស្តង់ដាទីក្រុងស្អាតដែលមាន ៧សុចនាករគោល សុចនាករលំអិត ៣៣ និង មាន៧៧ លក្ខណៈវិនិច្ឆ័យ ដើម្បីឱ្យក្រុងតាខ្មៅទទួលបានរំដួល ៣ទង ក្នុងការប្រលងប្រណាំងទីក្រុងស្អាត សម្រាប់ឆ្នាំ ២០២២-២០២៥)។ គួរបញ្ជាក់ថា ទីក្រុងតាខ្មៅ របស់ខេត្តកណ្ដាល ធ្លាប់បានទទួលជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅក្នុងពិធីចែកជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅទីក្រុងបានដាស៊េរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេផងដែរ។

អត្ថបទទាក់ទង