+++++++ខេត្តកណ្តាល៖ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តសុវណ្ណវារី(ព្រែកតាទែន) បានរៀបចំពិធីចម្រើនអាយុវឌ្ឍនៈមង្គល និងស្រង់ព្រះសុគន្ធវារីប្រគេន សម្ដេចព្រះឧត្ដមមុនី ជា សំអាង ព្រះមេគណខេត្ត ដើម្បីសម្តែងនូវកតញ្ញូតាធម៌ចំពោះព្រះវីរភាព និងគុណូបការៈដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះឧត្ដមមុនី ដែលបានខិតខំលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងកិច្ចការងារលើកកម្ពស់វិស័យព្រះពុទ្ធសាសនា និងការងារមនុស្សធម៌ក្នុងខេត្តកណ្តាល។ពិធីនេះមានការនិមន្តក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះឧត្ដមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ សម្ដេចព្រះអនុប្រធានថេរសភាសង្ឃព្រះពុទ្ធសាសនា នៅកម្ពុជា និងមានការអញ្ជើញពីសំណាក់ លោកជំទាវ ញ៉ែម សាខន ក្រឡាហោម ស ខេង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីរាជការ ពុទ្ធបរស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។ ពិធីស្រង់ព្រះសុគន្ធវារី ជាកិច្ចដ៏សំខាន់បំផុត ដែលថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទបានរៀបចំទឹកអប់ ទឹកផ្កាភ្ញី ស្រង់ប្រគេនសម្ដេច ដើម្បីជម្រះនូវឧបទ្រពចង្រៃ និងជាការគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក្នុងនោះ ថ្នាក់ដឹកនាំខេត្ត បានប្រគេននូវទ័យវត្ថុ បច្ច័យ ដើម្បីគាំទ្រដល់កិច្ចការងារវត្តអារាម និងសង្គម។ សម្ដេចព្រះឧត្ដមមុនី ជា សំអាង គឺជាសសរទ្រូងដ៏រឹងមាំមួយក្នុងវិស័យសាសនានៅខេត្តកណ្តាល។ ក្រោមការដឹកនាំរបស់ព្រះអង្គ វត្តអារាមជាច្រើនត្រូវបានកសាង និងអភិវឌ្ឍ ហើយការអប់រំសីលធម៌តាមបែបពុទ្ធសាសនាត្រូវបានពង្រឹងយ៉ាងសកម្មក្នុងចំណោមស្រទាប់យុវជន។ ក្នុងឱកាសនោះដែរ គណៈអធិបតី និងពុទ្ធបរិស័ទទាំងអស់ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា សម្ដេចព្រះឧត្ដមមុនី ជា សំអាង ឱ្យមានព្រះសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់សាសនិកជន និងបន្តដឹកនាំវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើនរុងរឿងតរៀងទៅ។ពិធីនេះបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ និងភាពស្និទ្ធស្នាល ដែលបង្ហាញពីសាមគ្គីភាពរវាងអាណាចក្រ និងពុទ្ធចក្រ ៕







