រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ស្រុកខ្សាច់កណ្តាល រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក-ឃុំ (២០២៧-២០២៩) ក្រោមអធិបតីភាព ឯកឧត្តម លី វុទ្ធី អភិបាលរងខេត្តកណ្តាល

++++++++++​ ខេត្តកណ្តាល៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល បានរៀបចំ សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់ស្រុក និងឃុំ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ក្នុងគោលបំណងកៀរគរប្រភពធនធាន និងការគាំទ្រពីបណ្តាមន្ទីរ-អង្គភាពជំនាញ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីយកទៅអនុវត្តគម្រោងអាទិភាពនានាសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម លី វុទ្ធី អភិបាលរងខេត្តកណ្តាល។ ​មានប្រសាសន៍ក្នុងសិក្ខាសាលា ឯកឧត្តម លី វុទ្ធី អភិបាលរងខេត្តកណ្តាល បានគូសបញ្ជាក់ថា៖ សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ គឺជាវេទិកាមួយក្នុងការដាក់បង្ហាញគម្រោងសេវាកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាពរបស់ស្រុក និងឃុំ សម្រាប់ឆ្នាំ២០២៧-២០២៩ ជូនដល់ភាគីពាក់ព័ន្ធ និងស្វែងរកការជួយឧបត្ថម្ភគាំទ្រផ្នែកបច្ចេកទេស និងថវិកាពីមន្ទីរជំនាញ អង្គការដៃគូ និងផ្នែកឯកជន ក្នុងនោះការបង្កើតកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដើម្បីធានាថាការវិនិយោគចំគោលដៅ មានតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។​ក្នុងឱកាសនោះ ឯកឧត្តម លី វុទ្ធី បានថ្លែងអំណរគុណ និងកោតសរសើរដល់រដ្ឋបាលស្រុក-ឃុំ បណ្តាមន្ទីរជំនាញ អង្គការដៃគូ និងវិស័យឯកជនទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច និងផ្តល់កិច្ចសហការយ៉ាងល្អប្រសើរបម្រើឱ្យការអភិវឌ្ឍស្រុកខ្សាច់កណ្តាលនាពេលកន្លងមក។​ឯកឧត្តមអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរស្រុក-ឃុំត្រូវបន្តតាមដាន និងធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ទីរជំនាញ និងដៃគូអភិវឌ្ឍន៍ ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងគាំទ្រឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែងក្នុងមូលដ្ឋាន។ ប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព គណនេយ្យភាព និងការចូលរួមពីប្រជាពលរដ្ឋ ក្នុងការគ្រប់គ្រង និងអនុវត្តគម្រោងនីមួយៗ ក្នុងនោះត្រូវខិតខំដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងដោយស្មោះត្រង់។​ជាលទ្ធផល បណ្តាមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើន បានបង្ហាញបំណង និងចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន ក្នុងការគាំទ្រគម្រោងអាទិភាពមួយចំនួនរបស់ស្រុក និងឃុំ ដើម្បីបញ្ចូលទៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំរៀងៗខ្លួន។សូមជម្រាបផងដែរថា៖ ឆ្លងតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងឃុំ ស្រុក ជាមួយរមន្ទីរជំនាញជុំវិញខេត្តអង្គការនានា គម្រោងទទួលបានការគាំទ្រសរុបសម្រាប់ឃុំមានចំនួន២៨០លើ៣៦២ គម្រោងស្មើនិង៧៧ភាគរយ ស្រុកទទួលបានការគាំទ្រចំនួន ១៤លើ១០៤ គម្រោងស្មើនឹង ១៣ភាគរយ។

អត្ថបទទាក់ទង