+++++++++++ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំអាជ្ញាធរក្រុងតាខ្មៅ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដោយបានបន្តប្រើប្រាស់គ្រឿងចក្រកាយចេញនូវរាល់សំណង់ផ្សេងៗដែលសង់រំលោភលើចិញ្ចើមផ្លូវសាធារណៈ នៅតាមបណ្តោយផ្លូវលេខ២១ ស្ថិតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល។ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងកែលម្អ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយ កាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងលើកកម្ពស់សោភ័ណភាពទីក្រុងតាខ្មៅឱ្យកាន់តែមានភាពស្រស់ស្អាត និងស៊ីវិល័យថែមទៀត។ក្នុងឱកាសនោះ អាជ្ញាធរក៏បានអំពាវនាវ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ ឱ្យចូលរួមសហការជាមួយអាជ្ញាធរដែនដី ដោយស្ម័គ្រចិត្តមិនត្រូវសង់សំណង់ ឬតាំងលក់ដូររំលោភលើចិញ្ចើមផ្លូវសាធារណៈបន្តទៀតឡើយ ដើម្បីរួមចំណែកថែរក្សាផលប្រយោជន៍រួម និងសោភ័ណភាពក្នុងក្រុងទាំងអស់គ្នា។








