រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបួងសួងសុំសុខសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្រុកអង្គស្នួល

+++++++++++++ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ព្រះសង្ឃ ពុទ្ធបរិស័ទ សិស្សនិស្សិត និងបងប្អូនប្រជាពលរដ្ឋខ្មែរ ជាច្រើនអង្គ/អ្នក បាននិមន្ត និងចូលរួមជួបជុំគ្នា ក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីរៀបចំ «ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាត់បង់ និងជា វិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម និងដោយឡែកសម្រាប់ប្រទេសទាំង២។ សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគុណគណៈធម្មយុត្តិកនិកាយខេត្តកណ្ដាល ព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិកានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានថេរៈដីកាថា ហេតុដែលព្រះអង្គដឹកនាំ មន្ត្រីសង្ឃគណៈធម្មយុទ្ធនិកាយ ទូទាំងខេត្តកណ្តាល ក៏ដូចជាមន្ត្រីរាជការ ញាតិញោមពុទ្ធបរិស័ទ សិស្សនិស្សិត ប្រារព្ធពិធីបដិបត្តិធ្វើសមាធិ បួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន សុខសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា គឺមានគោលបំណង សុំឱ្យព្រះរាជាណាចក្រកម្ពុជា បានទទួលនូវសុខសន្តិភាព ទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល ពីព្រោះ យើងដឹងហើយថា ព្រះរាជាណាចក្រកម្ពុជារបស់យើង ជាពិសេសប្រជាជនទាំងក្នុង និងក្រៅប្រទេស ទាំងថ្នាក់ដឹកនាំទាំងអស់ គឺយើងចង់បាននូវសន្តិភាព។ សន្តិភាពនេះ នាំឱ្យយើងទាំងអស់គ្នាទទួលបាននូវសេចក្តីសុខ សន្តិភាពនាំឱ្យយើង រស់នៅជាមួយគ្នា បានសេចក្តីសុខ សេចក្តីចម្រើន សន្តិភាព ធ្វើឱ្យប្រទេសជាតិរបស់យើង មានការរីកចម្រើន និងមានការអភិវឌ្ឍ។សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា បានមានថេរៈដីកាបន្តថា ការប្រារព្ធពិធីបួងសួងនេះ គឺបានបង្ហាញនូវឆន្ទៈ សាមគ្គីភាព រវាងប្រជាជននិងប្រជាជន សាមគ្គីភាពរវាងប្រជាជន និងរាជរដ្ឋាភិបាល សាមគ្គីភាពរវាងប្រជាជន រាជរដ្ឋាភិបាល និងវីរកងទ័ពរបស់យើង។ការប្រារព្ធពិធីនេះ គឺជាការបង្ហាញនូវឆន្ទៈតែមួយ គោលបំណងតែមួយ បានសេចក្តីថា ប្រជាជនទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជននៅក្រៅប្រទេស គឺនៅភ្ជាប់ជាមួយនឹង កងកម្លាំងប្រដាប់អាវុធជួរមុខជានិច្ច និងរួមសុខរួមទុក្ខ ជាមួយគ្នាជានិច្ច។ សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា បានចម្រើនពរ ដល់ញាតិញោមពុទ្ធបរិស័ទ និងមនុស្សទាំងអស់នៅលើពិភពលោកនេះ សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌ ប្រកាន់ភ្ជាប់នូវមេត្តាធម៌ មានសេចក្តីអាណិតអាសូរ មានសេចក្តីសង្គ្រោះគ្នាទៅវិញទៅមក មានសេចក្តីជួយគ្នាទៅវិញទៅមក។ សូមឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តារួបរួមសាមគ្គីគ្នាជាធ្លុងមួយ ជាមួយនឹងរាជរដ្ឋាភិបាល ជាមួយនឹងវីរកងទ័ពរបស់យើង ដើម្បីធ្វើឱ្យប្រទេសជាតិរបស់យើង ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍតទៅមុខទៀត។ ក្នុងពិធីនេះដែរ បានបញ្ជាក់ថា ក្នុងស្ថានការណ៍ដែលប្រទេសជាតិកំពុងប្រឈមនឹងវិបត្តិ និងភាពតានតឹង យើងទាំងអស់គ្នា ត្រូវឈរនៅលើមូលដ្ឋាននៃសាមគ្គីភាព សេចក្តីយល់ចិត្តគ្នា និងការទទួលខុសត្រូវរួម។ ជាពិសេសយុវជន គឺជាកម្លាំងស្នូលនៃសង្គម និងជាកម្លាំងសង្ឃឹមរបស់ជាតិ។ ការចូលរួមរបស់យុវជន ក្នុងសកម្មភាពសាសនា និងសង្គម មិនត្រឹមតែបង្ហាញពីស្មារតីស្នេហាជាតិទេ ប៉ុន្តែថែមទាំងជាការបញ្ជាក់ថា យុវជនខ្មែរ ជ្រើសរើសផ្លូវសន្តិវិធី សីលធម៌ និងការរួមចំណែកដោយការទទួល ខុសត្រូវ ដើម្បីរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម។សូមជម្រាបថា សម្រាប់ខេត្តកណ្តាល បានពិធីបួងសួងសុំសុខសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជាចំនួន២ទីតាំងគឺ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្រុកអង្គស្នួល និងនៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ឃុំផ្សារដែក ស្រុកពញាឮ ក្រៅពីនេះក៏មានការរៀបចំពិធីនេះ នៅវិមាន ឈ្នះ-ឈ្នះ ហើយនៅតាមបណ្ដារាជធានី-ខេត្តផ្សេងទៀត ក៏បាននិមន្ត/ជួបជុំគ្នានៅទីតាំងសុវត្ថិភាព រៀងៗខ្លួនផងដែរ ដើម្បីរួមគ្នាបង្ហាញឆន្ទៈសង្គមច្បាស់លាស់ ក្នុងការបដិសេធសង្គ្រាម និងគាំទ្រដំណោះស្រាយសន្តិវិធី ឈានឆ្ពោះទៅរកសន្តិភាពមួយពិតប្រាកដសម្រាប់កម្ពុជា។

អត្ថបទទាក់ទង