++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពី ការតាមដាន និងជម្រុញការផ្តល់ឯកសារអត្តសញ្ញាណប័ណ្ណ កិច្ចប្រជុំនេះមានការចូលរួមពី ទីចាត់ការចំណុះសាលាខេត្ត អភិបាលក្រុងស្រុកទាំង១៣ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីរាជការជាច្រើនរូបផងដែរ។ ក្នុងកិច្ចប្រជុំនេះលោកជំទាវ អភិបាលរងខេត្ត បានជំរុញដល់គ្រប់ប៉ុស្តិ៍នគរបាលទាំងអស់ ពន្លឿនក្នុងការផ្តល់ឯកសារអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដែលបានផុតសុពលភាព និងធ្វើថ្មីជូនដល់អ្នកគ្រប់អាយុ សំខាន់ក្មួយៗ សិស្សានុសិស្ស ដើម្បីមានភាពងាយស្រួលក្នុងការស្នើសុំប្រើប្រាស់សេវារដ្ឋបាលផ្សេងៗទៀត តាមតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកជំទាវ ក៏បានណែនាំដល់ក្រុមការងារសូមបន្តយកចិត្តទុកដាក់បន្ថែមទៀត និងខិតខំប្រឹងប្រែងជំរុញការផ្តល់ឯកសារអត្តសញ្ញាណប័ណ្ណឱ្យអស់លទ្ធភាពតាមដែលអាចធ្វើបាន ព្រោះបច្ចុប្បន្នបញ្ហាប្រឈមនៃការផ្តល់ឯកសារអត្តសញ្ញាណប័ណ្ណ គឺនៅតែមានបញ្ហាចំពោះប្រជាពលរដ្ឋធ្វើចំណាកស្រុក ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយពាក់ព័ន្ធនឹងការងារផ្តល់ឯកសារអត្តសញ្ញាណប័ណ្ណនេះទាមទារឱ្យអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវតែចូលរួមខិតខំជំរុញ និងអនុវត្តឱ្យអស់ពីសមត្ថភាពដែលជាការរួមចំណែកក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឲ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ។







