រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមេសាឆ្នាំ២០២២

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមេសា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង-ស្រុក និងអង្គភាពចំណុះសាលាខេត្ត ជាច្រើនរូបទៀត។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងនូវវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមជូនអង្គប្រជុំ ដើម្បីរួមគ្នាត្រួតពិនិត្យពិភាក្សា និងធ្វើការដោះស្រាយនូវចំណុចដែលខ្វះចន្លោះនោះ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរក្រុង-ស្រុក និងថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមគាំទ្រអនុវត្តន៍នូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងបម្រើសេវាទូទៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយភាពស្មោះត្រង់ ត្រឹមត្រូវ និងមានប្រសិទ្ធភាព។ឯកឧត្តមបានក៏បានជម្រុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែខិតខំដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅឯមូលដ្ឋានខ្លួនឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ពោលគឺយើងមិនត្រូវទុកឱ្យរាល់ប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ អូសបន្លាយយូបានឡើយ ត្រូវដោះស្រាយឱ្យបានចប់ទាន់សភាពការណ៍ទើបជាការប្រសើរ។ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ក្នុងនាមអាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ គឺត្រូវតែបន្តខិតខំរួមសាមគ្គីគ្នា បំពេញភារកិច្ច កាតព្វកិច្ច ទៅតាមទិសដៅការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅរកការអភិវឌ្ឍ និងការកសាងសមិទ្ធផលថ្មីៗឱ្យបានច្រើនបន្ថែមទៀតក្នុងខេត្ត ត្រូវរួមគ្នាត្រួតពិនិត្យពិភាក្សា បញ្ហាប្រឈម ដូចជាចំណុចខ្វះចន្លោះដែលនៅមិនទាន់បានអនុវត្ត និងការដោះស្រាយ ដើម្បីរួមគ្នាកែលម្អ ដោះស្រាយឱ្យបានកាន់តែល្អប្រសើរ ទាន់ពេលវេលា ឆ្លើយតបទៅនឹងភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្នុងទិសដៅបម្រើជូនប្រជាជននៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ត្រីរាជការកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ស្ដាប់រាល់សារ និងអនុសាសន៍ល្អៗរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការសិក្សារៀនសូត្រ និងអនុវត្តតាមឱ្យស្របទៅនឹងទិសដៅការងាររបស់ខ្លួនដើម្បីទទួលបានវឌ្ឍនៈភាពការងារកាន់តែល្អប្រសើរឡើងផងដែរ។សូមជម្រាបថា ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ប្រចាំខែមេសានេះ គឺមានរបៀបវារៈចំនួន ៨សំខាន់ៗ ដើម្បីដាក់ជូនអង្គប្រជុំ ធ្វើការពិនិត្យ ពិភាក្សា ឡើងរាយការណ៍ ព្រមទាំងបានផ្សព្វផ្សាយនូវសេចក្តីណែនាំ លិខិតបទដ្ឋានគតិយុត្តនានាជាច្រើនទៀត។

អត្ថបទទាក់ទង