++++++++++++++++ខេត្តកណ្ដាល៖ ដើម្បីបន្តការគ្រប់គ្រងវិស័យរ៉ែ និងថាមពលក្នុងខេត្ត ប្រកបដោយប្រសិទ្ធភាព នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ប៉ុន ប៊ុនធឿន ជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងមន្ត្រីរាជការជាច្រើនរូប។មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ប៉ុន ប៊ុនធឿន ដែលទទួលបានការទុកចិត្ត និងតែងតាំងឱ្យកាន់មុខតំណែងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្ត បានមានជំនឿយ៉ាងមុតមាំថា ដោយផ្អែកលើចំណេះដឹង អតីតភាព និងបទពិសោធន៍ការងារ លោកប្រធានមន្ទីរថ្មី នឹងអាចបន្តនិរន្តរភាពការងារ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបង្កើនកិច្ចសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត អាជ្ញាធរក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីបំពេញតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព។ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការងារសំខាន់ៗ ដែលមន្ទីរ រ៉ែ និងថាមពលខេត្ត ត្រូវយកចិត្តទុកដាក់ រួមមាន ការពង្រឹងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីឱ្យមានស្ថិរភាព និងគុណភាព ការលើកកម្ពស់ប្រសិទ្ធភាពថាមពល ការពង្រឹងសុវត្ថិភាពក្នុងវិស័យប្រេងកាត និងការគ្រប់គ្រងអាជីវកម្មធនធានរ៉ែឱ្យស្របតាមច្បាប់ និងគោលការណ៍អភិបាលកិច្ចល្អ ជាពិសេស ត្រូវបន្តទប់ស្កាត់សកម្មភាពធ្វើអាជីវកម្មរ៉ែដោយខុសច្បាប់ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងសង្គម ពង្រឹងការប្រមូលចំណូលមិនមែនសារពើពន្ធជូនរដ្ឋ និងជំរុញការប្រើប្រាស់មូលនិធិដែលទទួលបានពីវិស័យរ៉ែ សម្រាប់គាំទ្រការអភិវឌ្ឍមូលដ្ឋានឱ្យចំគោលដៅ មានតម្លាភាព និងប្រសិទ្ធភាព។ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានស្នើសុំក្រសួងរ៉ែ និងថាមពល បន្តជួយសម្រួលនីតិវិធីពាក់ព័ន្ធនឹងការប្រើប្រាស់មូលនិធិដែលបានមកពីសួយសាររ៉ែ ដើម្បីឱ្យថវិកាទាំងនេះអាចយកមកប្រើប្រាស់សម្រាប់ការអភិវឌ្ឍមូលដ្ឋានបានទាន់ពេលវេលា កាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធី និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ថ្លែងក្នុងពិធីនេះ ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ពីសារៈសំខាន់របស់វិស័យរ៉ែ និងថាមពល ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការវិនិយោគ ការបង្កើតការងារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរថ្មី មិនមែនគ្រាន់តែជាការផ្លាស់ប្តូរមុខតំណែងប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់នូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវថ្មី ក្នុងការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទិសដៅការងាររបស់ក្រសួងនៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានល្អប្រសើរទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់លោកប្រធានមន្ទីរថ្មី ត្រូវបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ តម្លាភាព និងគោរពច្បាប់ ព្រមទាំងត្រូវពង្រឹងសាមគ្គីភាព និងកិច្ចសហការជាមួយរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានានាក្នុងវិស័យរ៉ែ និងថាមពលជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មួយវិញទៀត ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រង និងប្រើប្រាស់ធនធានរ៉ែឱ្យមានប្រសិទ្ធភាព និងប្រកបដោយចីរភាព ទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែខុសច្បាប់ ការពារបរិស្ថាន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងធានាឱ្យការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទប្រព្រឹត្តទៅដោយមានការទទួលខុសត្រូវ មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍមូលដ្ឋានផងដែរ។ក្នុងឱកាសនោះ លោក ប៉ុន ប៊ុនធឿន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាលថ្មី បានប្តេជ្ញាចិត្តថា នឹងខិតខំអនុវត្តតួនាទី និងភារកិច្ចដែលក្រសួងរ៉ែ និងថាមពល ព្រមទាំងរដ្ឋបាលខេត្តកណ្ដាល ប្រគល់ជូនឱ្យអស់ពីកម្លាំងកាយចិត្ត ដោយប្រកាន់ខ្ជាប់នូវច្បាប់ គោលការណ៍ តម្លាភាព និងការទទួលខុសត្រូវ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍវិស័យរ៉ែ និងថាមពលនៅខេត្តកណ្ដាល ឱ្យមានប្រសិទ្ធភាព ស្របតាមច្បាប់ មានចីរភាព និងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត និងប្រទេសជាតិ។










