++++++++++ខេត្តកណ្ដាល៖ ដើម្បីចូលរួមពង្រឹង ថែរក្សា និងការពារវប្បធម៌ជាតិ ព្រមទាំងទំនៀមទំលាប់ប្រពៃណីជាតិ ក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យមានសុភមង្គល ព្រមទាំងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តកណ្ដាល សហការជាមួយរដ្ឋបាលស្រុកខ្សាច់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយអប់រំស្តីពី «ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ» ស្ថិតនៅឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ពិធីនេះបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពរបស់ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការកិច្ចការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តកណ្តាល ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាពិសេសស្ត្រី សរុបប្រមាណជាង ២០០នាក់។លោកជំទាវនួន នារតី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលកំពុងបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពខ្ពស់លើការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ សីលធម៌ សមធម៌ និងបរិយាបន្ន។លោកជំទាវ បានលើកឡើងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹង ថែរក្សា និងការពារវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ ព្រមទាំងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងសុភមង្គលក្នុងគ្រួសារខ្មែរ។ លោកជំទាវ ក៏បានបន្តជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តរួមគ្នាផ្សព្វផ្សាយអំពីសីលធម៌សង្គម តម្លៃស្ត្រី និងរួមដៃគ្នាទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះលោកជំទាវបានអំពាវនាវ និងសំណូមពរដល់មាតាបិតា អាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់អប់រំណែនាំកូនចៅឱ្យដើរតាមផ្លូវល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុនផ្សេងៗ ប្រសិនបើគ្រួសារមានសុភមង្គល ចេះយោគយល់អធ្យាស្រ័យគ្នា និងមានសីលធម៌រស់នៅល្អ នោះសង្គមជាតិទាំងមូលនឹងមាននូវសុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ទន្ទឹងនិងនេះដែរមន្ទីរកិច្ចការនារីខេត្តកណ្ដាល បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «យេនឌ័រ និងបំណិនជីវិត» ជូនដល់ប្រជាពលរដ្ឋក្នុងគោលបំណងពង្រឹងសមត្ថភាព បង្កើនចំណូលក្នុងគ្រួសារ និងលើកកម្ពស់តម្លៃសីលធម៌សង្គម។ ជាមួយនិងគ្នានេះដែរមន្ទីរកិច្ចការនារីខេត្ត ក៏មានជាការបង្រៀនបច្ចេកទេសធ្វើសាប៊ូលាងចាន ជូនដល់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងមេគ្រួសារនៅក្នុងមូលដ្ឋាន ដើម្បីជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃ និងអាចបង្កើតជាអាជីវកម្មលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ចំណូលបន្ថែម។











