++++++ខេត្តកណ្តាល៖ គម្រោងអភិវឌ្ឍន៍ជាច្រើន ដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកមុខកំពូល ត្រូវបានលើកយកមកពិភាក្សា និងស្នើសុំការគាំទ្រ ក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក ឃុំ ឆ្នាំ២០២៧-២០២៩ នៅថ្នាក់ស្រុក ឆ្នាំ២០២៦ ដើម្បីកៀរគរធនធានពីប្រភពនានា សម្រាប់គាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍ដែលជាអាទិភាពក្នុងមូលដ្ឋាន។ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកមុខកំពូល ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអ្នកពាក់ព័ន្ធនានា។ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ចាប់តាំងពីមានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សិក្ខាសាលាសមាហរណកម្ម កម្មវិធី វិនិយោគ៣ឆ្នាំរំកិលឃុំ ស្រុក នៅថ្នាក់ស្រុក ចំនួនគម្រោងដែលស្នើឡើងក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ឃុំ ស្រុក ទទួលបានគាំទ្រជាបន្តបន្ទាប់ពីរដ្ឋបាលខេត្ត មន្ទីរជំនាញជុំវិញខេត្ត សប្បុរសជននិងអង្គការនានា ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជន នៅមូលដ្ឋានកាន់តែប្រសើរឡើង។ឯកឧត្តម អភិបាលរង បានឱ្យដឹងថា គម្រោងឃុំ ស្រុក ដែលបានស្នើឡើងទូទាំងខេត្តឆ្នាំ២០២៥ សម្រាប់អនុវត្តឆ្នាំ ២០២៦ សរុប ៤.៣២៥គម្រោង ក្នុងនោះ វិស័យកសិកម្ម ២៦២គម្រោង, វិស័យអាជីវកម្ម ៥១៩គម្រោង, វិស័យអប់រំ ៤៣៩គម្រោង, វិស័យសុខភាព ១.១០៣គម្រោង, វិស័យភាពងាយរងគ្រោះ ១៧០គម្រោង វិស័យបរិស្ថាន ៦៤៧គម្រោង, និងវិស័យរដ្ឋបាលនិង សន្តិសុខ ១.១៨៥គម្រោង ទទួលបានការគាំទ្រ តាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ២.០៦៨ គម្រោង ស្មើ៤៨ ភាគរយ។សម្រាប់គម្រោងជាអាទិភាពរបស់រដ្ឋបាលស្រុកមុខកំពូល ដែលបានស្នើឡើងសម្រាប់ ឆ្នាំ២០២៧-២០២៩ ឯកឧត្តមអភិបាលរងខេត្ត បានរំពឹងថា នឹងទទួលបានការគាំទ្រពីមន្ទីរ-អង្គភាព អង្គការ និងសប្បុរសជនទៅតាម លទ្ធភាព និងធនធានដែលមានដើម្បីជួយអភិវឌ្ឍភូមិ-ឃុំ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ពីព្រោះកន្លងមកការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាក្នុងឃុំ-សង្កាត់សុទ្ធតែមានការចូលរួមពីប្រជាជន នៅតាមសហគមន៍ ដែលតម្រូវការទាំងនោះបានឆ្លុះបញ្ចាំងនូវ បញ្ហា ឬតម្រូវការជាក់ស្តែងដែលបានកើត មាននៅក្នុងមូលដ្ឋាន ដូចនេះសូមលោក លោកស្រី មេត្តាយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចូលរួមគាំទ្រ ដើម្បីដោះស្រាយនូវរាល់បញ្ហាទាំងនោះឱ្យមានប្រសិទ្ធភាព។នាឱកាសនេះដែរ ឯកឧត្ដមអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរស្រុក ឃុំ មន្ទីរពាក់ព័ន្ធ ត្រូវពិនិត្យមើលប្រភពថវិការបស់មន្ទីរ អង្គភាព ដើម្បីធ្វើការគាំទ្រគម្រោងរបស់ឃុំដែលជា តម្រូវការនិងសំណូមពររបស់ប្រជាជន បន្ថែមពីលើនេះត្រូវយកចិត្ដទុកដាក់ត្រួតពិនិត្យលើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗផងដែរ។ ហើយចំពោះគម្រោងដែលគ្រប់ឃុំបានស្នើឡើង ប្រសិនបើសិក្ខាសាលាថ្ងៃនេះមិនទាន់ ទទួលបានការគាំទ្រ ត្រូវបន្ដពិនិត្យពិភាក្សាគៀគររកធនធានសម្រាប់អនុវត្តបន្ថែមទៀត។សូមជម្រាបផងដែរថា ជាលទ្ធផលក្នុងសិក្ខាសាលាសមាហរណកម្មនេះ សរុបរួមមាន ៣២០គម្រោង ទទួលបានការគាំទ្រ ១១៦គម្រោង ស្មើនឹង ៣៦ភាគរយ ក្នុងគម្រោង ៨៩ ស្មើនឹង ២៨ភាគរយ ក្រៅគម្រោង ២៧ ស្មីនឹង ៨ភាគរយ។ ជាក់ស្តែងរដ្ឋបាលស្រុកមុខកំពូល បានលើកឡើង ១២៣គម្រោង ទទួលបានការគាំទ្រចំនួន ៨គម្រោង ស្មើនឹង ៧ភាគរយ។









