រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បិទសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលក្រុង-សង្កាត់ សម្រាប់ឆ្នាំ២០២៦ នៅក្រុងសំពៅពូន ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

++++++++++ខេត្តកណ្តាល៖ ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យមានភាពចម្រើនលូតលាស់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ អាជ្ញាធរក្រុងសំពៅពូន បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលក្រុង-សង្កាត់ សម្រាប់ឆ្នាំ២០២៦ នារសៀលថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល ។​មានប្រសាសន៍ក្នុងពិធីនោះ៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានគូសបញ្ជាក់ថា៖ ទោះបីជាមានគម្រោងមួយចំនួនរបស់សង្កាត់ និងក្រុង មិនទាន់ទទួលបានការគាំទ្រនៅក្នុងវគ្គនេះយ៉ាងណាក្តី ក៏មិនមែនមានន័យថាគម្រោងទាំងនោះមិនសំខាន់នោះឡើយ ប៉ុន្តែវាអាស្រ័យលើធនធាន សមត្ថភាព និងលទ្ធភាពជាក់ស្តែងរបស់រាជរដ្ឋាភិបាល មន្ទីរជំនាញ និងអង្គការដៃគូនានា ឯកឧត្តមបានបន្តជំរុញ និងលើកទឹកចិត្តឱ្យមានការបន្តពិភាក្សា ចរចាលើគម្រោងដែលសេសសល់ទាំងនោះ ដើម្បីស្វែងរកការគាំទ្របន្ថែមទៀតនាពេលខាងមុខ។ឯកឧត្តមអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាដែលសម្រេចបាន និងកោតសរសើរចំពោះតំណាងមន្ទីរ-អង្គភាពជំនាញ អង្គការដៃគូ និងសប្បុរសជនទាំងអស់ ដែលបានចំណាយកម្លាំងកាយ ចិត្ត និងធនធាន ក្នុងការគាំទ្រដល់បណ្តាគម្រោងអាទិភាពនានាដែលគណៈកម្មាធិការកសាងផែនការ និងថវិកាសង្កាត់/ក្រុង បានរៀបចំឡើង ដើម្បីឆ្លើយតបចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។​ឯកឧត្តម អភិបាលរងខេត្ត បានគូសបញ្ជាក់ថា៖​ផ្អែកតាមលទ្ធផលនៃការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន រវាងរដ្ឋបាលសង្កាត់/ក្រុង ជាមួយមន្ទីរជំនាញ និងអង្គការដៃគូ គម្រោងអភិវឌ្ឍន៍ជាច្រើនត្រូវបានទទួលការគាំទ្រជាផ្លូវការ។ ឯកឧត្តម ក៏បានស្នើឱ្យមន្ទីរ-អង្គភាពជំនាញ និងអង្គការដៃគូទាំងអស់ដែលបានចុះកិច្ចព្រមព្រៀង បម្រុងទុកធនធាន និងរៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដើម្បីប្រែក្លាយការសន្យាគាំទ្រឱ្យទៅជាសមិទ្ធផលរូបវន្តជាក់ស្តែង សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ក្នុងនោះក្រុមប្រឹក្សាសង្កាត់ និងក្រុមការងារកសាងផែនការក្រុង ត្រូវបន្តអនុវត្តកិច្ចការដែលសេសសល់ឱ្យបានរួចរាល់ស្របតាមប្រតិទិនការងារ ដើម្បីដាក់ជូនក្រុមប្រឹក្សាសង្កាត់ និងក្រុងពិនិត្យ អនុម័ត និងផ្សព្វផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋបានជ្រាប។ ​ ​ការលើកកម្ពស់គុណភាពជីវិត និងសុវត្ថិភាពមូលដ្ឋាន៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់លើការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំ និងការអនុវត្ត «គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ផងដែរថា៖ ឆ្លងតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសង្កាត់ ក្រុង ជាមួយមន្ទីរអង្គភាពជំនាញជុំវិញខេត្ត អង្គការនានា គម្រោងទទួលបានការគាំទ្រសរុបមានចំនួន ៩១គម្រោង សម្រាប់សង្កាត់ស្មើនឹង ៣៩ភាគរយ ក្រុងទទួលបានការគាំទ្រចំនួន ៥គម្រោង ស្មើនឹង ១០ភាគរយ។

អត្ថបទទាក់ទង