រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុងអរិយក្សត្រ រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិលក្រុង-សង្កាត់ (២០២៧-២០២៩) ដើម្បីកៀរគរធនធានឆ្លើយតបតម្រូវការប្រជាពលរដ្ឋ

++++++++++ខេត្តកណ្តាល៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលក្រុងអរិយក្សត្រ បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង-សង្កាត់ (២០២៧-២០២៩) នៅថ្នាក់ក្រុង នាឆ្នាំ២០២៦នេះ ក្នុងគោលបំណងសំខាន់ក្នុងការកៀរគរធនធាន និងការគាំទ្រពីប្រភពផ្សេងៗ ទាំងផ្នែករដ្ឋ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សម្រាប់យកមកអនុវត្តគម្រោងអភិវឌ្ឍន៍អាទិភាពនានានៅក្នុងមូលដ្ឋាន។ពិធីនេះដែរប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការ ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងអ្នកពាក់ព័ន្ធជាច្រើនរូប។នៅក្នុងឱកាសនោះ ឯកឧត្តម នុត ពុធដារ៉ា បានមានប្រសាសន៍ថា៖ គម្រោងអភិវឌ្ឍន៍ជាច្រើនដែលបម្រើឱ្យប្រយោជន៍សាធារណៈ និងឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងក្រុងអរិយក្សត្រ ត្រូវបានលើកយកមកពិភាក្សា ដេញដោល និងស្នើសុំការគាំទ្រ ដើម្បីធានាថាការអភិវឌ្ឍក្នុងមូលដ្ឋានប្រព្រឹត្តទៅដោយចំទិសដៅ និងមានប្រសិទ្ធភាពខ្ពស់។ឯកឧត្តមអភិបាលរងខេត្ត បានស្នើឱ្យមន្ទីរ អង្គភាព អង្គការ ដៃគូអភិវឌ្ឍន៍ និងសប្បុរសជន ពិនិត្យលទ្ធភាព និងធនធាន ដើម្បីចូលរួមគាំទ្រតាមសមត្ថភាព។ ជាមួយគ្នានេះ ការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិលនេះ ជាជំហានដ៏សំខាន់មួយក្នុងការជួយតម្រង់ទិសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ និងសេដ្ឋកិច្ចមូលដ្ឋាន ឱ្យកាន់តែមានភាពរីកចម្រើន និងឆ្លើយតបបានទាន់ពេលវេលាចំពោះសំណូមពររបស់ប្រជាពលរដ្ឋក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល។នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានឲ្យដឹងថា៖ គម្រោងដែលឃុំ-សង្កាត់ ក្រុង-ស្រុកទូទាំងខេត្តបានស្នើឡើងក្នុងឆ្នាំ២០២៥ សម្រាប់អនុវត្តឆ្នាំ២០២៦ នេះសរុប ៤៣២៥ គម្រោងក្នុងនោះ វិស័យកសិកម្មមាន ២៦២គម្រោង វិស័យអាជីវកម្ម ៥១៩ គម្រោង វិស័យវិស័យអប់រំ ៤៣៩ គម្រោង វិស័យសុខភាព ១១០៣ គម្រោង វិស័យភាពងាយរងគ្រោះ ១៧០ គម្រោង វិស័យបរិស្ថាន ៦៤៧ គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ១១៨៥ គម្រោង ទទួលបាន ការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ២០៦៨ គម្រោង ស្មើ៤៨ ភាគរយ។សូមជម្រាបផងដែរថា ជាលទ្ធផលក្នុងសិក្ខាសាលានេះ គម្រោងរបស់ក្រុងអរិយក្សត្រ ទទួលបានការគាំទ្រ ចំនួន ១៤៧គម្រោង លើ ៣០៣គម្រោង ក្នុងនោះ ក្នុងគម្រោងទទួលបានការគាំទ្រ ចំនួន ១១៤គម្រោង លើ ៣០៣គម្រោង និងក្រៅគម្រោង ចំនួន ៣៣គម្រោង លើ ៣០៣គម្រោង។ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្ត បានសង្កត់ធ្ងន់ និងជំរុញយ៉ាងម៉ឺងម៉ាត់ទៅដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ និងអាជ្ញាធរសង្កាត់ទាំងអស់ បន្តពង្រឹងការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងស្គេមអនឡាញ និងលុបបំបាត់រាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។

អត្ថបទទាក់ទង