++++++++++ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកណ្ដាលស្ទឹង បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក-ឃុំ(២០២៧-២០២៩) នៅថ្នាក់ស្រុកឆ្នាំ២០២៦ ក្នុងគោលបំណងធានាប្រសិទ្ធភាព ឆ្លើយតបចំតម្រូវការជាក់ស្តែង និងប្រើប្រាស់ធនធានថវិកាប្រកបដោយតម្លាភាព គណនេយ្យភាព ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន។សិក្ខាសាលានេះត្រូវបានប្រារព្ធឡើងនៅសាលប្រជុំសាលាស្រុកកណ្ដាលស្ទឹង ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការដៃគូអភិវឌ្ឍន៍ សប្បុរសជន និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។ជាលទ្ធផលក្នុងសិក្ខាសាលានេះ គម្រោងរបស់ស្រុកកណ្ដាលស្ទឹង ទទួលបានការគាំទ្រ ចំនួន ២៣៣គម្រោង លើ ៥៤៦គម្រោង ក្នុងនោះ ក្នុងគម្រោងទទួលបានការគាំទ្រ ចំនួន ១៧១គម្រោង លើ ៥៤៦គម្រោង និងក្រៅគម្រោង ចំនួន ៦២គម្រោង លើ ៥៤៦គម្រោង។ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត បានឲ្យដឹងថា គម្រោងដែលក្រុង-ស្រុក ឃុំ-សង្កាត់ ទូទាំងខេត្តបានស្នើឡើងក្នុងឆ្នាំ២០២៥ សម្រាប់អនុវត្តឆ្នាំ២០២៦ នេះសរុប ៤៣២៥ គម្រោងក្នុងនោះ វិស័យកសិកម្មមាន ២៦២គម្រោង វិស័យអាជីវកម្ម ៥១៩ គម្រោង វិស័យវិស័យអប់រំ ៤៣៩ គម្រោង វិស័យសុខភាព ១១០៣ គម្រោង វិស័យភាពងាយរងគ្រោះ ១៧០ គម្រោង វិស័យបរិស្ថាន ៦៤៧ គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ១១៨៥ គម្រោង ទទួលបាន ការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ២០៦៨ គម្រោង ស្មើ៤៨ ភាគរយ។ឯកឧត្តម បានគូសបញ្ជាក់ថា ផែនការអភិវឌ្ឍន៍គឺជាត្រីវិស័យមិនអាចខ្វះបានសម្រាប់កំណើនសេដ្ឋកិច្ចមូលដ្ឋាន ដោយបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ខ្ពស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពង្រឹងសេវាសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់ និងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាឲ្យបាននូវការឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តមក៏បានជំរុញមន្ទីរ-អង្គភាព គ្រប់ភាគីពាក់ព័ន្ធ បន្តកិច្ចសហការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។











