+++++++++++++ខេត្តកណ្ដាល ថវិកាសរុបចំនួន២៤០លានដុល្លារអាមេរិក នឹងត្រូវអនុវត្តរយៈពេល៧ឆ្នាំ(ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៣ )លើគម្រោងធារាសាស្ត្របន្សាំនិងអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាព និងភាពធន់ដែលសហការផ្ដល់ហិរញ្ញប្បទានដោយរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអាកាសធាតុបៃតង មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហើយគម្រោងត្រូវអនុវត្តខេត្តគោលដៅចំនួន៤ រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ខេត្តកណ្ដាល និងខេត្តពោធិ៍សាត់។ដោយឡែកខេត្តកណ្ដាលគម្រោងនិងអនុវត្តនៅក្នុងភូមិចំនួន៨ ដែលស្ថិតនៅក្នុងភូមិកំពង់ហ្លួង ស្រុកពញាឮ។ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាគម្រោងនេះ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រគម្រោងធារាសាស្ត្របន្សាំ និងអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាព និងភាពធន់ ដែលក្រសួងមហាផ្ទៃ ដែលតែងតែផ្ដល់ការគាំទ្រ សម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគម្រោងក្នុងខេត្តកណ្ដាល។ឯកឧត្តមបានបន្តទៀតថា កិច្ចប្រជុំពិភាក្សានៅថ្ងៃនេះមានគោលបំណងច្បាស់លាស់គឺ១-ពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារ ដែលសម្រេចបានកន្លងមក ២-ពិភាក្សាស្វែងរកដំណោះស្រាយរួមចំពោះបញ្ហាប្រឈមដែលបានជួបប្រទះ ៣-កំណត់ទិសដៅការងារផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២៦-២០២៧ ៤-ពង្រឹងកិច្ចសហការ និងទំនាក់ទំនងរវាងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្រុមការងារគម្រោងថ្នាក់ខេត្ត និងថ្នាក់ស្រុក និងក្រុមទីប្រឹក្សាឱ្យកាន់តែជិតស្និទ្ធ ដែលក្នុងនោះមានលោក គង់ ប៊ុណ្ណា ជាទីប្រឹក្សាប្រតិបត្តិការគម្រោងនៅថ្នាក់មូលដ្ឋានឱ្យកាន់តែរលូន។ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់បន្ថែមទៀតថា តាមរយៈបទពិសោធន៍ ចំណេះដឹង និងស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត កិច្ចប្រជុំនាពេលនេះនិងទទួលបាននញវធាតុចូល និងលទ្ធផលផ្លែផ្កាជីវិជ្ជមាន ដើម្បីជាទុនក្នុងការអនុវត្តគម្រោងឱ្យសម្រេចបានជោគជ័យតាមគោលដៅកំណត់។មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តម ឈុន ប៊ុណ្ណារ៉ា អនុប្រធានលេខាធិការដ្ឋាន(គជអប) និងជាប្រធានគម្រោង បានជម្រាបជូនថា ក្រសួងធនធានទឹក និងឧតុនិយម ជាស្ថាប័នប្រតិបត្តិគម្រោង ដែលមានគោលដៅធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រតាមរយៈ ការកែលម្អប្រព័ន្ធការពារទឹកជំនន់ ប្រព័ន្ធបង្ហូរទឹក កាត់បន្ថយភាពក្រីក្រ បង្កើតសន្តិសុខស្បៀង កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបន្សាអាកាសធាតុ ក្នុងគោលបំណងធ្វើឲ្យវិស័យកសិកម្មមានការរីកចម្រើន និងបរិយាប័ន្នផ្អែកលើលទ្ធភាពចូលទៅកាន់ទីផ្សារកាន់តែល្អប្រសើរ និងប្រព័ន្ធប្រកាសឲ្យដឹងជាមុន។ឯកឧត្តមបានបន្តទៀតថា គម្រោងនេះនិងគាំទ្រក្រុមគោលដៅចំនួន៥ប្រភេទគឺ ១-គ្រួសារក្រីក្រ ២-គ្រួសារមានកម្រិតជីវភាពលើបន្ទាត់ភាពក្រីក្រ ៣-ក្រុមស្ត្រី ៤-ក្រុមយុវជន និង៥-កសិករខ្នាតតូច សរុបប្រហែល ៥៦២ពាន់នាក់ ក្នុងនោះស្ត្រី២២៥ពាន់នាក់ និងអ្នកទទួលផលប្រយោជន៍ប្រហែល ១.១៥លាននាក់ នៅក្នុងភូមិចំនួន១៨៤ ឃុំចំនួន៣១ ស្រុកចំនួន១១ និងខេត្តគោលដៅចំនួន ៤។










