រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំពិភាក្សាពង្រឹងការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនខុសច្បាប់របស់ពលរដ្ឋកម្ពុជា និងជនបរទេស ដើម្បីទប់ស្កាត់បទល្មើស និងធានាសន្តិសុខសង្គម

+++++++++++++ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី ការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនខុសច្បាប់របស់ពលរដ្ឋកម្ពុជា និងជនបរទេស ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ប្រតិភូក្រសួងមហាផ្ទៃ កងកម្លាំងមានសមត្ថកិច្ច អភិបាលក្រុង-ស្រុក ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។ថ្លែងបើកកិច្ចប្រជុំនេះ លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង និងត្រួតពិនិត្យលំហូរឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ទាំងចំពោះពលរដ្ឋកម្ពុជា និងជនបរទេស ព្រមទាំងពង្រឹងការសហការរវាងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់ការកើតមានបទល្មើសផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តខិតខំប្រឹងប្រែងរួមគ្នា ក្នុងការទប់ស្កាត់ការឆ្លងដែន និងការស្នាក់នៅដោយខុសច្បាប់របស់ជនអន្តោប្រវេសន៍ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ ដើម្បីជៀសវាងការប្រើប្រាស់ការឆ្លងដែនខុសច្បាប់ជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗ ដែលអាចប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែន មិនត្រូវផ្តោតត្រឹមតែពេលជនណាម្នាក់ចូលមកក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានយន្តការតាមដាន និងគ្រប់គ្រងជាបន្តបន្ទាប់ ចាប់តាំងពីពេលចូលដល់ពេលចេញ ដើម្បីធានាថាការធ្វើដំណើរ ការស្នាក់នៅ និងការចាកចេញប្រព្រឹត្តទៅស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ជាមួយគ្នានេះ លោកជំទាវក៏បានបន្ថែមដែរថា ការអនុវត្តការងារជាប្រព័ន្ធ និងយន្តការរួម គឺតម្រូវឱ្យគ្រប់អង្គភាពពាក់ព័ន្ធមានការចូលរួមទទួលខុសត្រូវតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ពង្រឹងការផ្លាស់ប្តូរព័ត៌មាន ការសហការប្រតិបត្តិការ និងការរៀបចំវិធានការជាក់ស្តែងឱ្យសមស្របទៅនឹងស្ថានភាព ដើម្បីធានាបាននូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ក្នុងងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានគាំទ្រយ៉ាងពេញទំហឹងចំពោះការណែនាំ និងទិសដៅការងាររបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងបានបញ្ជាក់ពីការត្រៀមលក្ខណៈ និងការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការចាត់តាំងអនុវត្តវិធានការនានាឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ស្របតាមតួនាទី ភារកិច្ច និងសមត្ថភាពរបស់ខេត្ត ដើម្បីគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែន ការស្នាក់នៅ និងការធ្វើដំណើររបស់ពលរដ្ឋកម្ពុជា និងជនបរទេសឱ្យស្របទៅតាមច្បាប់ជាធរមាន។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល ក៏បានរាយការណ៍អំពីស្ថានភាពទូទៅនៅក្នុងខេត្ត ដោយបានបញ្ចាក់ថា ខេត្តកណ្តាល មានទីតាំងភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ និងដើរតួនាទីជា ខ្សែក្រវាត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភស្តុភារកម្មយ៉ាងរឹងមាំក្នុងការជំរុញកំណើន សេដ្ឋកិច្ចជាតិ។ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា ខេត្តកណ្តាល មានព្រំប្រទល់ខាងលិចទល់នឹងខេត្តកំពង់ស្ពឺ ខាងកើតទល់នឹងខេត្តព្រៃវែង ខាងជើងទល់នឹងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ខាងត្បូងទល់នឹងខេត្តតាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម ដែលមានបន្ទាត់ព្រំដែនប្រវែង ៣១,៣២ (សាមសិបមួយក្បៀស ៣២គីឡូម៉ែត្រ) ព្រមទាំងមានច្រកទ្វារអន្តរជាតិមានចំនួន ២ រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងច្រកតំបន់ព្រំដែនចំនួន ២ រួមមាន ច្រកទ្វារតំបន់ព្រំដែន ព្រែកជ្រៃ-ព្រែកទន្លា និងច្រកទ្វារតំបន់ព្រំដែនព្រែកស្បូវ។

អត្ថបទទាក់ទង