++++++++ខេត្តកណ្ដាល៖ មហោស្រពសិល្បៈមហាជន ខេត្តកណ្ដាល លើកទី៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «របាំខ្មែរ ដួងព្រលឹង អត្តសញ្ញាណជាតិ និងមរតកវប្បធម៌អមតៈ» បានបិទបញ្ចប់ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះបន្ទាប់ពីបានដំណើរការរយៈពេល ២ថ្ងៃពេញ (ថ្ងៃទី២៤-២៥)។ពិធីបិទមហោស្រពនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីរាជការ សិល្បករ សិល្បការិនី ។មានប្រសាសន៍ក្នុងពិធីបិទមហោស្រព ឯកឧត្តម ប៊ុន ផេង បានកោតសរសើរ និងវាយតម្លៃចំពោះសិល្បករ-សិល្បការិនីវ័យក្មេងទាំងអស់ ដែលបានបញ្ចេញទេពកោសល្យ និងស្មារតីស្រឡាញ់វប្បធម៌ជាតិយ៉ាងមុតមាំ។ឯកឧត្តមបានគូសបញ្ជាក់ថា៖ សិល្បៈវប្បធម៌គឺជា «អត្តសញ្ញាណអមតៈ» របស់ជាតិខ្មែរ ដែលមានឫសគល់ប្រវត្តិសាស្ត្ររឹងមាំ និងគ្មានបរទេសណាអាចមកបន្លំ ឬបំភ្លៃបានឡើយ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញ និងអំពាវនាវដល់យុវជនក្នុងយុគសម័យឌីជីថល៖ត្រូវទាញយកប្រយោជន៍ពីបច្ចេកវិទ្យា ដោយប្រើប្រាស់បណ្ដាញសង្គម និងបច្ចេកវិទ្យាទំនើបក្នុងផ្លូវវិជ្ជមាន ដើម្បីផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរឱ្យល្បីរន្ធឺលើឆាកអន្តរជាតិ។ឯកឧត្តមបានបញ្ជាក់ទៀតថា៖ គ្រប់សមិទ្ធផល ទាំងការអភិវឌ្ឍ សន្តិសុខ និងការអភិរក្សវប្បធម៌គឺកើតចេញពី សន្តិភាព ដូចនេះ កូនខ្មែរគ្រប់រូបត្រូវរួមគ្នាក្រសោប និងការពារសន្តិភាពឱ្យបានដាច់ខាត។តាមការបញ្ជាក់របស់ លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានឲ្យដឹងថា៖ មហោស្រពឆ្នាំនេះទទួលបានការចូលរួមពីក្រុមសិល្បៈតំណាងឱ្យបណ្ដាក្រុង-ស្រុកទាំង ១៤ ក្នុងខេត្តកណ្ដាល។ ក្នុងនោះក្រុមនីមួយៗបានពាំនាំនូវទម្រង់សិល្បៈចម្រុះប្រកបដោយភាពច្នៃប្រឌិត រួមមាន៖ ល្ខោនបាសាក់, របាំប្រពៃណី, ចម្រៀងប្រពៃណី និងចម្រៀងសម័យ ដោយគោរពតាមទម្រង់ដើមយ៉ាងខ្ជាប់ខ្ជួន។លោកស្រីប្រធានមន្ទីរ បានបន្ថែមទៀតថា៖ គណៈកម្មការកោសល្យវិច័យបានធ្វើការវាយតម្លៃយ៉ាងសុក្រឹតលើសមត្ថភាព បច្ចេកទេស សម្លៀកបំពាក់ ននិងការសម្ដែងដោយ គណៈកម្មការបានជ្រើសរើស ៨ ក្រុមឆ្នើម ឱ្យឆ្លងផុតវគ្គជម្រុះ និងបានសម្រេចជ័យលាភី លេខ១, លេខ២ និងលេខ៣ ដើម្បីទទួលប័ណ្ណសរសើរ ព្រមទាំងរង្វាន់លើកទឹកចិត្ត។ មហោស្រពសិល្បៈមហាជន លើកទី៨ នេះ មិនត្រឹមតែជាការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាបង្កើតសាមគ្គីភាព ការផ្លាស់ប្ដូរបទពិសោធន៍ និងជាការដាស់ស្មារតីកូនខ្មែរឱ្យរួមគ្នា អភិរក្ស និងអភិវឌ្ឍន៍ ព្រលឹងវប្បធម៌ជាតិឱ្យស្ថិតស្ថេរជាអមតៈ៕







