រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីរកិច្ចការនារីខេត្តកណ្ដាល បានរៀបចំវេទិកាផ្សព្វផ្សាយលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ នៅស្រុកកណ្តាលស្ទឹង

++++++++++ខេត្តកណ្ដាល៖នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តកណ្ដាល សហការជាមួយរដ្ឋបាលស្រុកកណ្ដាលស្ទឹង បានរៀបចំវេទិកាផ្សព្វផ្សាយអប់រំស្តីពី «ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ» ដើម្បីពង្រឹងការយល់ដឹងអំពីសីលធម៌សង្គម តម្លៃស្ត្រី និងចូលរួមទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ស្ថិតនៅក្នុងឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ក្រោមអធិបតីភាព លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល។ ពិធីនេះមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ជាពិសេសស្ត្រី សរុបប្រមាណជាង ២០០នាក់។លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានលើកឡើងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹង ថែរក្សា និងការពារវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ ព្រមទាំងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងសុភមង្គលក្នុងគ្រួសារខ្មែរ។ លោកជំទាវបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលកំពុងបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពខ្ពស់លើការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ សីលធម៌ សមធម៌ និងបរិយាបន្ន។ជាមួយគ្នានេះលោកជំទាវបានអំពាវនាវ និងសំណូមពរដល់មាតាបិតា អាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់អប់រំណែនាំកូនចៅឱ្យដើរតាមផ្លូវល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ប្រសិនបើគ្រួសារមានសុភមង្គល ចេះយោគយល់អធ្យាស្រ័យគ្នា និងមានសីលធម៌រស់នៅល្អ នោះសង្គមជាតិទាំងមូលនឹងមាន សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។លោកជំទាវអភិបាលរងខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តរួមគ្នាផ្សព្វផ្សាយអំពីសីលធម៌សង្គម តម្លៃស្ត្រី និងរួមដៃគ្នាទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ លោកជំទាវ ក៏ក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដោយត្រូវស្វែងរកព័ត៌មានឱ្យបានច្បាស់លាស់ និងធ្វើចំណាកស្រុកតាមផ្លូវច្បាប់ ដើម្បីជៀសវាងការធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។

អត្ថបទទាក់ទង