រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំវេទិកាពិគ្រោះយោបល់ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៧-២០២៩)

++++++++++++++​ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំវេទិកាពិគ្រោះយោបល់ស្ដីពី «ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៧-២០២៩)» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣។​ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តម ប្រាក់ សារ៉ាត បានបញ្ជាក់ថា គោលបំណងសំខាន់នៃកិច្ចប្រជុំនាពេលនេះ គឺដើម្បីអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឱ្យមានការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការបង្ខិតសេវាឱ្យនៅជិតប្រជាពលរដ្ឋ និងការចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅ សំដៅកាត់បន្ថយភាពក្រីក្រ។ ទាំងអស់នេះជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។​ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់លើសំណើគម្រោងនានាដែលបានស្នើឡើង ធ្វើយ៉ាងណាឱ្យសមស្របទៅតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ក្នុងសៀវភៅណែនាំ។ ការរៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលនីមួយៗ ត្រូវឆ្លងកាត់តាមជំហានសំខាន់ៗចំនួន៣ ដែលក្នុងជំហាននីមួយៗ សុទ្ធតែបានឆ្លុះបញ្ចាំងឱ្យឃើញនូវគោលការណ៍មូលដ្ឋានចម្បងៗ នៃការចូលរួមពិគ្រោះយោបល់ និងការចែករំលែកព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ជាក់ស្តែង ថ្ងៃនេះរដ្ឋបាលខេត្តកណ្តាល ដោយមានក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធនានា បានចូលរួមអនុវត្ត និងដំណើរការដល់សកម្មភាពទី៣ ក្នុងជំហានទី២ នៃការកសាងកម្មវិធីវិនិយោគ គឺ «វេទិកាពិគ្រោះយោបល់កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)» របស់រដ្ឋបាលខេត្ត។​នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ទទួលបានជោគជ័យ ត្រូវអនុវត្តនូវចំណុចសំខាន់ៗដូចខាងក្រោម៖​កំណត់បញ្ហាស្នូល មូលហេតុ និងដំណោះស្រាយឱ្យបានច្បាស់លាស់៖ ត្រូវកំណត់គោលនយោបាយ និងតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។ ​ចូលរួមគ្រប់សកម្មភាព៖ ត្រូវចូលរួមក្នុងដំណើរការកសាងកម្មវិធីវិនិយោគ ដោយផ្តល់ព័ត៌មាន (ធាតុចូល) ឱ្យបានទាន់ពេលវេលាតាមការកំណត់ ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅស្របតាមប្រតិទិនការងារដែលបានគ្រោងទុក។ ​រៀបចំអាទិភាពគម្រោង៖ ត្រូវចាត់អាទិភាពគម្រោងដើម្បីអនុវត្តឱ្យស្របតាមតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន។ ពង្រឹងកិច្ចសហការ និងអនុវត្តតាមនីតិវិធី៖ ក្រុមការងារបូកសរុប និងអ្នកសម្របសម្រួលត្រូវខិតខំឱ្យអស់លទ្ធភាព។ ប្រសិនបើមានបញ្ហាប្រឈម ត្រូវរាយការណ៍ និងសុំយោបល់ពីប្រធានក្រុមការងារដើម្បីដោះស្រាយបានទាន់ពេលវេលា ជាពិសេសត្រូវអនុវត្តតាមនីតិវិធីដែលថ្នាក់ជាតិបានណែនាំ ដោយមិនត្រូវរំលងសកម្មភាពណាមួយឡើយ។

អត្ថបទទាក់ទង