រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល បើកវគ្គបណ្តុះបណ្តាលស្តីពី «ការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារ»

++++++++ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្ដាល សហការជាមួយអង្គការសកម្មភាពដើម្បីកុមារ (APLE) បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារ»។ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាលនិងលោក ណេង វណ្ណៈ តំណាងអង្គការសកម្មភាពដើម្បីកុមារ (APLE) ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីមេឃុំ-ចៅសង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើនអ្នកផងដែរ។មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង បានគូសបញ្ជាក់ពីសារៈសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ ក្នុងការជួយពង្រឹងសមត្ថភាព និងផ្ដល់ចំណេះដឹងគ្រឹះដល់មន្ត្រីមូលដ្ឋាន ដើម្បីឆ្លើយតប និងបង្ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមស្ថានភាពជាក់ស្ដែងក្នុងមូលដ្ឋាន។លោកជំទាវបានបន្តថា ជាមួយនឹងការកើនឡើងយ៉ាងលឿននៃប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញបានប្រែជាបញ្ហាសកល និងជាកង្វល់ថ្មីមួយដែលទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន អាជ្ញាធរ អាណាព្យាបាល សង្គមស៊ីវិល និងមន្ត្រីអនុវត្តច្បាប់។ទន្ទឹមនឹងនេះ លោកជំទាវក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយអប់រំតាមបណ្តាសាលារៀន និងក្នុងសហគមន៍ ដើម្បីឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋទទួលបានការយល់ដឹងកាន់តែទូលំទូលាយ។ ជាមួយនឹងគ្នានេះដែរលោកជំទាវ ក៏ក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដោយត្រូវស្វែងរកព័ត៌មានឱ្យបានច្បាស់លាស់ និងធ្វើចំណាកស្រុកតាមផ្លូវច្បាប់ ដើម្បីជៀសវាងការធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។លោក ណេង វណ្ណៈ តំណាងអង្គការ APLE បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹង និងជំនាញជាក់ស្ដែងដល់អ្នកធ្វើការងារផ្នែកសេវាសង្គមកិច្ច និងកិច្ចការពារកុមារ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារកុមារពីការកេងប្រវ័ញ្ចតាមប្រព័ន្ធឌីជីថល៕

អត្ថបទទាក់ទង