ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកទឹកចិត្ត ដល់រដ្ឋបាលស្រុកកៀនស្វាយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សូមបន្តយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ សាធារណៈ ដីចំណីផ្លូវ ដើម្បីបង្ការនូវគ្រោះថ្នាក់ចរាចរណ៍ និងលើកសោភ័ណភាពតាមដងផ្លូវ។ ជាងនេះទៅទៀត អាជ្ញាធរមូលដ្ឋាន គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារស្រុក និងសហគមន៍ក្នុងមូលដ្ឋានទាំងមូល សូមផ្តល់ការចាប់អារម្មណ៍ រួមគ្នាកាត់បន្ថយ លុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ដោយត្រូវចេះក្តាប់កំណត់មុខសញ្ញាគ្រួសារងាយរងគ្រោះ រួមគ្នាការពារ បញ្ចៀសអំពើហិង្សាក្នុងគ្រួសារ បញ្ចៀសនូវសោកនាដកម្មដែលអាចកើតមានក្នុងសង្គម។ការលើកទឹកចិត្តនេះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ១៣ភូមិ រួមមាន៖ ភូមិពោធិ៍មៀវ ភូមិគគីរធំ ភូមិគគីរធំ២ ភូមិរាំងដេក ភូមិរាំងដេក២ ស្ថិតក្នុងឃុំគគីធំ និងភូមិចន្លក់ ភូមិចន្លក់ក្រៅ ភូមិទួលក្របៅ ភូមិទួលត្នោត ភូមិគគីរ ភូមិដូនស ភូមិទួលដួង ភូមិតារាបជូនស ស្ថិតឃុំគគី ស្រុកកៀនស្វាយ សរុប ១២,៧៥២បណ្ណ ក្រោមអធិបតី ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកកៀនស្វាយ។
