ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានជំនួបពិភាក្សាការងារជាមួយក្រុមការងារអន្តរក្រសួងរួមមាន៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពិនិត្យ និងវាយតម្លៃគ្រោងនឹងបើកដំណើរការមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តកណ្តាល ដែលមានទីតាំងស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្អាងផងដែរ។សម្រាប់គោលបំណងក្នុងកិច្ចប្រជុំនេះ គឺដើម្បីប្រមូលធាតុចូលក៏ដូចជាការជួយគាំទ្រពីតាមបណ្ដាក្រសួងស្ថាប័នដែលពាក់ព័ន្ធទាំងអស់ ដើម្បីបានជាគោលការណ៍រួមមួយច្បាស់លាស់ក្នុងការអនុវត្តកិច្ចការបើកដំណើរការមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តកណ្តាល ឱ្យបានដំណើរការ និងទទួលបានលទ្ធផលល្អ។បន្ទាប់ពីចប់កិច្ចប្រជុំរួចមក ប្រតិភូក្រុមការងារអន្តរក្រសួង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមការងាររដ្ឋបាលខេត្តកណ្ដាល បានចុះពិនិត្យដល់ទីតាំងជាក់ស្ដែងនៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តកណ្តាល ដែលមានទីតាំងស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។









