រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាលរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកណ្តាល

+++++++​ខេត្តកណ្តាល៖ រដ្ឋបាលខេត្តបានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៉ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម វុឌ្ឍី វណ្ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីអភិបាលក្រុង ស្រុក ទាំង១៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត មន្ត្រីបច្ចេកទេស ព្រមទាំងលោក-លោកស្រីមេឃុំ ចៅសង្កាត់ទូទាំងខេត្តយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ពិធីចុះហត្ថលេខានេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន បានខិតខំប្រឹងប្រែងចុះវាស់វែង កំណត់និយាមកា និងដោះស្រាយវិវាទព្រំប្រទល់នានាដោយជោគជ័យ និងទទួលបានការឯកភាពគ្នាយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ។​មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា៖ មកដល់ពេលនេះក្នុងចំណោម១២៧ឃុំ សង្កាត់នៅក្នុងខេត្តកណ្តាលរបស់យើងដែលសំរេចបាន៩០ឃុំ សង្កាត់ ដែលក្រសួងរៀបចំដែនដីផ្តល់ការគាំទ្រនូវផែនទីរដ្ឋបាលឃុំសង្កាត់ និងនៅសល់៣២ឃុំសង្កាត់ទៀតត្រូវពិនិត្យឡើងវិញនឹងបន្តPrintផែនទីព្រំប្រទល់បន្ថែមទៀត។ ឯកឧត្តមបានបន្តថា៖យើងបានជំរុញកិច្ចការងារនេះ និងធ្វើទំនាក់ទំនងក្នុងកម្រិតស្រុកនឹងស្រុក ខេត្តនឹងខេត្តដើម្បីសម្របសម្រួលអោយបងប្អូនចាប់ពីថ្នាក់ឃុំស្រុក បានព្រមព្រៀងគ្នាទៅលើព្រំប្រទល់រដ្ឋបាល ឃុំសង្កាត់ ក្រុងស្រុក ខេត្ត ដោយមានការឯកភាពគ្នាទើបយើងឈានដល់ការprintផែនទីនេះឡើង។ ឯកឧត្តមបានបន្ថែមថា៖ ខេត្តកណ្តាលគឺព័ទ្ធជុំវិញរាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម និងខេត្តព្រៃវែង យើងបានធ្វើការសម្របសម្រួលដោយមានការជួយគាំទ្រពីក្រសួងរៀបចំដែនដី ហើយការចុះហត្ថលេខាលើផែនទីរដ្ឋបាលឃុំ សង្កាត់ នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់រដ្ឋបាលខេត្ត ផែនទីផ្លូវការដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ នឹងក្លាយជាឯកសារគតិយុត្តដ៏មានសារៈសំខាន់បំផុតក្នុងការកំណត់ច្បាស់លាស់នូវដែនសមត្ថកិច្ចគ្រប់គ្រងរបស់ឃុំ សង្កាត់នីមួយៗ ដើម្បីបង្ការ និងដោះស្រាយរាល់វិវាទដីធ្លី ឬការទន្ទ្រានព្រំប្រទល់រវាងមូលដ្ឋាន និងមូលដ្ឋាន។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមការងារបច្ចេកទេស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្តរហូតសម្រេចបានផែនទីផ្លូវការនេះឡើង។ ត្រូវយកចិត្តទុកដាក់ថែរក្សា ការពារបង្គោលព្រំប្រទល់ និងត្រូវប្រើប្រាស់ផែនទីនេះជាមូលដ្ឋានគ្រឹះក្នុងការបម្រើសេវា និងការអភិវឌ្ឍមូលដ្ឋាន។ មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ឈឿន ប៉ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានមានប្រសាសន៍ថា៖ ផ្តើមចេញពីការវាស់វែងលក្ខណះជាប្រព័ន្ធ គឺចេញពីគណៈកម្មការរដ្ឋបាលដែលមានរដ្ឋបាលខេត្ត ក្រុងស្រុក និងការចូលរួមពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទាំងនេះគឺជាមូលដ្ឋានដែលយើងយកមកកំណត់ព្រំប្រទល់រដ្ឋបាលនេះ ការកំណត់ និងការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ គឺជាកិច្ចការដ៏មានសារៈសំខាន់បំផុត ក្នុងការធានាបាននូវសុវត្ថិភាពគតិយុត្ត ងាយស្រួលដល់ការគ្រប់គ្រងដីធ្លី ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា៖ការដឹងពីព្រំប្រទល់រដ្ឋបាលច្បាស់លាស់ នឹងផ្តល់ផលប្រយោជន៍ជាច្រើន ហើយការកំណត់ព្រំប្រទល់នេះ មិនមែនជាការខណ្ឌចែកទឹកដីដាច់ដោយឡែកពីគ្នានោះទេ ទោះបីជាព្រំប្រទល់ស្ថិតនៅត្រង់ណាក៏ដោយ អ្វីដែលសំខាន់បំផុតគឺការបម្រើផលប្រយោជន៍ និងការរស់នៅប្រកបដោយសុខដុមរមនារបស់បងប្អូនប្រជាពលរដ្ឋ។

អត្ថបទទាក់ទង