ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកលើកដែក សូមបងប្អូនមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ត្រូវត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីចៀសវាងពីគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា ដោយឡែកចំពោះកងកម្លាំងសមត្ថកិច្ចត្រូវដាក់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍លើកំណាត់ផ្លូវសំខាន់ៗ ជាពិសេសត្រូវដាក់កោណចរាចរណ៍ នៅមុខសាលារៀននានា ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ។ការអំពាវនាវនេះធ្វើឡើង ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ១១,២៤៣ បណ្ណ ស្ថិតនៅភូមិចំនួន ៨ រួមមាន៖ ភូមិកំពង់ចំលង ភូមិព្រែកបាក់ ភូមិព្រែកតូច ភូមិស្ពានដែក ក្នុងឃុំព្រែកទន្លាប់ ភូមិក្បាលជ្រោយ ភូមិកោះចំរើន ក្នុងឃុំកំពង់ភ្នំ និងភូមិក្អមសំណលើ ភូមិរាំងដេក ក្នុងឃុំក្អមសំណ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងបរិវេណសាលាស្រុកលើកដែក ក្រោមអធិបតី ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត។









